(គូឡាឡាំពួរ)៖ ប្រភពពីសារព័ត៌មាន Channel News Asia ដកស្រង់ពីទីភ្នាក់ងារព័ត៌មាន ក្យូដូ បានឲ្យ​ដឹងនៅ​​មុននេះ​បន្តិចថា ស្ត្រីពីរនាក់​ដែលជនសង្ស័យ​សម្លាប់បងប្រុស​លោក គីម ជុងអ៊ុន គឺលោក គីម ជុងណាំ នោះ​ទំនងជាបាន​ស្លាប់អស់ហើយ ប៉ុន្តែសារព័ត៌មាន​​មិនបានបញ្ជាក់​ពី​​មូលហេតុ​​នៃការស្លាប់​របស់ស្ត្រី​​ជាជន​សង្ស័យ​​ដែលអាជ្ញាធរ​ម៉ាឡេស៊ី​​កំពុងតាម​ចាប់ខ្លួន​នោះឡើយ។ នេះបើតាម​ព័ត៌មាន​​ចេញផ្សាយ នៅមុននេះ​បន្តិចនា​រសៀលថ្ងៃពុធ ទី១៥ ខែកុម្ភៈ ឆ្នាំ២០១៧។

សារព័ត៌មានក្យូដូ​ផ្អែកលើប្រភពពីមន្ត្រីរដ្ឋាភិបាលជប៉ុន​បានរាយការណ៍ថា មាន​របាយការណ៍មួយ​បញ្ជាក់ថា ជនសង្ស័យជាស្ត្រី​ពីរនាក់ (ពាក់ព័ន្ធនឹងករណីឃាតកម្ម​លើលោក គីម ជុងណាំ) ទំនងជា​បានស្លាប់ ក៏ប៉ុន្តែមិន​បានបញ្ជាក់ពីមូលហេតុ​ស្លាប់ឱ្យបានច្បាស់លាស់​នោះទេ។ លោក គីម ជុងណំា គឺជាកូនប្រុសច្បង នៃអតីតមេដឹកនាំ​ទីក្រុងព្យុងយ៉ាង លោក គីម ជុងអ៊ីល បានស្លាប់​កាលពី​ថ្ងៃទី១៣ ខែកុម្ភៈ នៅតាមផ្លូវ​ឆ្ពោះទៅកាន់មន្ទីរពេទ្យបន្ទាប់ពីលោក​មានអាការៈ​មិនស្រួលខ្លួន នៅឯអាកាសយានដ្ឋាន​ទីក្រុង Kuala Lumpur ជាទីដែល​លោកត្រូវបន្តដំណើរ​ទៅកាន់ទីក្រុង​ម៉ាកាវប្រទេសចិន នៅព្រឹកថ្ងៃដដែល។

គួរបញ្ជាក់ថាបើតាមស្ថានីយ៍ទូរទស្សន៍ខែ្សកាប TV Chosun លោក គីម ជុងណាំ មានអាយុ៤៦ឆ្នាំ ត្រូវបានគេលួចបំពុល​ឱ្យស្លាប់ នៅអាកាសយានដ្ឋាន​ក្នុងទីក្រុង Kuala Lumpur ដោយស្ត្រី​ពីរនាក់​ដែល គេជឿជាក់ថា​ជាទីភ្នាក់ងារ​ចារកម្មកូរ៉េខាងជើងទទួលបញ្ជាពី​របបដឹកនាំ​លោក គីម ជុងអ៊ុន។ មួយវិញទៀត ប៉ូលិស​ម៉ាឡេស៊ី​ក៏បានឱ្យដឹងដែរ​ថា លោក គីម ទំនងជាត្រូវ​បានមនុស្ស​ម្នាក់យក​សារធាតុពុល​អ្វីមួយមក​ខ្ទប់មុខរបស់​លោក ខណៈប្រភពមួយ​ចំនួន អះអាងថា​លោកត្រូវបានគេ​លួចចាក់បញ្ចូល​ថ្នាំពុលទៅ​ក្នុងខ្លួន៕