(ញូដេលី)៖ ពិតជាអស្ចារ្យ​ណាស់នៅ​ថ្ងៃពុធនេះ​ប្រទេសឥណ្ឌា​ បានធ្វើការបាញ់​បង្ហោះផ្កាយរណប​ដល់ទៅចំនួន​១០៤គ្រឿង​នៅក្នុង​​ពេល​​​តែ​មួយ ចេញពី​ទីតាំង​បង្ហោះ​យានអវកាស​​នៃកោះ Sriharikota ដែលស្ថិត​នៅក្នុង​រដ្ឋ Andhra Pradesh ភាគ​ខាងត្បូង​​ប្រទេស។ នេះ​បើ​តាម​​ការ​ចេញ​ផ្សាយ​ដោយ​ទីភ្នាក់ងារ​ព័ត៌មានចិន ស៊ិនហួរ នៅមុននេះ​បន្តិច​នារសៀល​ថ្ងៃពុធ ទី១៥ ខែកុម្ភៈ ឆ្នាំ២០១៧។

ផ្កាយរណប​ទាំងអស់​ខាងលើ​ត្រូវបាន​នាំយក​ទៅកាន់​លំហអាកាស នៅវេលាម៉ោង​៩៖២៨នាទី​ព្រឹកថ្ងៃពុធនេះ (ម៉ោងនៅក្នុង​រដ្ឋធានីញូដេលី) ដោយ​គ្រាប់​​រ៉ុក្កែត​ Polar Satellite Launch Vehicle (PSLV)-C37 របស់​អង្គ​ការ​​​សិក្សា​ស្រាវ​ជ្រាវ​ទី​​អវ​កាស​​​ឥណ្ឌា (ISRO) ដែល​ស្ថិត​ក្រោម​​ការ​គ្រប់​គ្រង​​របស់​រដ្ឋា​ភិបាល​នៃប្រទេស​ឥណ្ឌាផ្ទាល់។

ភាគច្រើននៅ​ក្នុងចំណោមផ្កាយ​រណបទាំង១០៤គ្រឿង គឺជាកម្មសិទ្ធិ​របស់អតិថិជន​អន្តរ​ជាតិ ហើយ​ផ្កាយរណប​ដែលសំខាន់ជាងគេ​គឺប្រភេទ Cartosat 2 ដែលមាន​ទម្ងន់​៧១៤គីឡូក្រាម សម្រាប់​ធ្វើការ​កំណត់​​ផែន​ទី​​នៃ​ភព​ផែនដី ហើយផ្កាយ​រណបធុនតូច​ដទៃផ្សេងទៀត​ជា​របស់​សហរដ្ឋអាមេរិក, អ៊ីស្រាអែល, កាហ្សាក់ស្ថាន, ហូឡង់, ស្វីស, និងប្រទេស អេមីរ៉ាត់ អារ៉ាប់រួម។

គួរបញ្ជាក់ថា​បើសិនជា​បេសកកម្មនេះទទួល​ជោគជ័យ វានឹងក្លាយជា​ការប៉ុនប៉ង​លើកទីពីរ​ដ៏ធំអស្ចារ្យបំផុត​​មិនធ្លាប់មាន​នោះឡើយរបស់ ISRO បន្ទាប់​ពី​​ការ​បាញ់​បង្ហោះផ្កាយរណប​ចំនួន២៣គ្រឿង​ក្នុងពេលតែមួយ​ទៅកាន់ទីអវកាស​កាលពី​ខែមិថុនា ឆ្នាំ២០១៥។ ដោយ​ឡែក​កាល​​ពីមុន​ទីភ្នាក់ងារ​អវកាស​រុស្ស៊ី ក៏ធ្លាប់បាន​បញ្ជូនផ្កាយរណប​ចំនួន៣៧គ្រឿង​ក្នុងពេលតែមួយ​ទៅកាន់​លំហអាកាស​ផងដែរ៕