(ហាណូយ)៖ វៀតណាមសន្យាថានឹងដោះស្រាយករណី​ភ្ញៀវទេសចរចិនម្នាក់ ដែលត្រូវ​បានមន្ត្រី​ព្រំដែន​វៀតណាមវាយដំដោយអះអាងថា​ នេះគ្រាន់តែជា​ឧប្បដិហេតុ​ប៉ុណ្ណោះ។ នេះបើតាម​ក្រសួង​ការបទេស​វៀតណាម ដកស្រង់ដោយ​ទីភ្នាក់ងារ​សារព័ត៌មាន​ចិនសិនហួរ នៅរសៀលថ្ងៃពុធ ទី១៥ ខកុម្ភៈ ឆ្នាំ២០១៧។  

ជុំវិញបញ្ហា​នេះ​ដែរ​ក្រសួងការ​បទេស​វៀតណាម នៅក្នុងសេចក្ដី​ថ្លែងការណ៍​របស់ខ្លួន​បានបញ្ជាក់​ដូច្នេះថា ​«វៀតណាម​និងចិន​ជាប្រទេសជិតខាង ដែលមានទំនាក់​ទំនងនឹងគ្នា​ជាលក្ខណៈប្រពៃណី នៅក្នុង​បរិបទ​នៃកំណើនភ្ញៀវទេសចរ​រវាងប្រទេស​ទាំងពីរ (...) អាជ្ញាធរវៀតណាម បានទទួល​នូវលិខិត​តវ៉ាពីភាគី​ចិនជុំវិញបញ្ហាកើតឡើងលើ​ភ្ញៀវទេសចរ​ចិនម្នាក់ នៅក្នុង​ទីក្រុង Mong Cai ហើយយើង​នឹងដោះស្រាយឧប្បដិហេតុ​នេះ»

គួរបញ្ជាក់ថា​សេចក្ដីថ្លែងការណ៍​របស់ទីក្រុងហាណូយ ធ្វើឡើងបន្ទាប់ពី​មានសេចក្ដីរាយការណ៍​ថា ភ្ញៀវទេសចរណ៍ចិន​ម្នាក់​ត្រូវបានមន្រ្តី​ព្រំដែន​វៀតណាមវាយដំ នៅក្នុងទីក្រុង Mong Cai ស្ថិតនៅតំបន់ព្រំដែន​ភាគខាងជើងជាប់ជាមួយ​ប្រទេសចិន៕