(វ៉ាស៊ីនតោន)៖ យោងតាម​ការស្ទង់មតិ​មួយចេញ​នៅថ្ងៃអង្គារ​សប្តាហ៍នេះ (ពេលវេលា​ក្នុងរដ្ឋធានី​វ៉ាស៊ីនតោន) សំឡេង​​ប្រជាពលរដ្ឋ​​អាមេរិក​​ដែល​ចូលរួមត្រូវបានបែងចែក​យ៉ាងស្មើ ជុំវិញ​របៀបដឹកនាំ​របស់ប្រធានាធិបតី លោក ដូណាល់ ត្រាំ ក្នុងរយៈពេលបី​សប្តាហ៍ដំបូងនេះ​នៅឯ​សេត​​វិមាន។ នេះបើតាម​ការចេញផ្សាយដោយ​ទីភ្នាក់ងារ​ព័ត៌មានចិន ស៊ិនហួរ នៅមុននេះ​បន្តិចនាព្រឹក​ថ្ងៃពុធ ទី១៥ ខែកុម្ភៈ ឆ្នាំ២០១៧។

ដោយផ្អែកលើ​ការស្ទង់មតិមួយ​ធ្វើឡើងដោយ​សារព័ត៌មាន Fox News អ្នកចូលរួម​ដែលជាពលរដ្ឋ​អាមេរិក​ចំនួន «៤៧ភាគរយ» យល់ឃើញថា​​រដ្ឋាភិបាល​លោក ដូណាល់ ត្រាំ កំពុងខិតខំប្រឹងប្រែង​បំពេញការងារ​លើបញ្ហាផ្សេងៗ​ដែលនឹងជួយ​ដល់ក្រុមគ្រួសារ​របស់ពួកគេ ខណៈប្រជា​ជនអាមេរិក «៤៨ភាគរយ» ផ្សេងទៀតបានបង្ហាញ​ការយល់ឃើញ​យ៉ាងផ្ទុយស្រឡះ។

គួរបញ្ជាក់ថា​ការស្ទង់មតិខាងលើ​របស់ Fox News ត្រូវបានធ្វើ​ឡើងដោយ​ការសម្ភាសន៍​ជាមួយអ្នកមាន​សិទ្ធិបោះឆ្នោត​ចំនួន​១,០១៣នាក់ ដែល​ត្រូវបានជ្រើសរើស​ដោយចៃដន្យ​នៅទូទាំង​សហរដ្ឋអាមេរិក និងបានប្រព្រឹត្ត​ទៅចាប់ពី​ថ្ងៃទី១១-១៣ ខែកុម្ភៈកន្លងទៅថ្មីៗនេះប៉ុណ្ណោះ។ ទោះបីជា​បែបនេះ​ក្តីយើងសង្កេត​ឃើញថា ប្រជាពលរដ្ឋដែលបានបោះឆ្នោតឲ្យ​លោក ត្រាំ ភាគច្រើនមិនមានអ្វីងឿងឆ្ងល់ ឬប្រឆាំងចំពោះ​បទបញ្ជា រួមទាំងការដឹកនាំរបស់អតីតមហាសេដ្ឋី​រូបនេះឡើយ បើទោះបីជា​សារព័ត៌មានទូ​ទាំងពិភពលោក ព្យាយាមចុះផ្សាយ​មិនល្អពី​លោក ត្រាំ ក៏ដោយ៕