(វ៉ាស៊ីនតោន)៖ ទីភ្នាក់ងារ​អវកាស​ណាសា (NASA) របស់​សហរដ្ឋអាមេរិក បានប្រគល់​ថវិកាចំនួនពីរ​លានដុល្លារ ទៅដល់​ក្រុមហ៊ុន​​ចំនួន​ពីរ​​​សម្រាប់​ការអភិវឌ្ឍ​បច្ចេកវិទ្យា​ដ៏ពិសេសថ្មី​ដែលនឹង​ជួយ​អវកាសយានិក​ក្នុងការ​ដកដង្ហើម​ប្រកដ​ដោយសុវត្ថិភាព​នៅក្នុង​លំហ​អាកាស​ជា​មួយ​​រយៈ​ពេល​វែង​ជាងមុខ ដែលប្រការ​នេះនឹង​អាចលើកស្ទួយ​នូវឱកាស​ក្នុងការបំពេញ​បេសកកម្ម​រុករក​ទីអវកាស​ ដែលមាន​​ចម្ងាយ​ផ្លូវ​ធ្វើ​ដំណើរ​​​ដ៏​​សែន​​ឆ្ងាយ។ នេះបើតាម​ការចេញផ្សាយ​ដោយ​សារព័ត៌មាន​រុស្ស៊ី Russia Today (RT) នៅមុននេះ​បន្តិចនា​ព្រឹកថ្ងៃពុធ ទី១៥ ខែកុម្ភៈ ឆ្នាំ២០១៧។

គំរោងខាង​លើត្រូវបាន​បង្កើតក្នុងបំណង​ជំរុញការប្រើប្រាស់​នៃបច្ចេកវិទ្យា Oxygen Recovery ដែលនឹង​បំលែងឧស្ម័ន​កាបូនឌីអុកស៊ីត ឬ​ឧស្ម័ន​​កាបូនិច​ឲ្យត្រឡប់​ទៅជាឧស្ម័ន​អុកស៊ីសែន​វិញ។ អ្នកវិទ្យាសាស្រ្ត​សង្ឃឹមថា​ វានឹងជួយ​ដល់ក្រុម​អវកាសយានិក ក្នុងការ​​ដក​ដង្ហើម​​ប្រកប​​ដោយ​ភាពងាយ​ស្រួល​ជាមុនក្នុង​ទីអវកាស នៅអំឡុង​បេសកកម្ម​ទាំងឡាយ​ណា​ដែលទាមទារ​រយៈពេលវែង។ ក្រុមហ៊ុន​ទាំងពីរ​ដែលត្រូវបាន​​ជ្រើសរើស​មាន​ឈ្មោះថា Honeywell Aerospace ដែលស្ថិត​នៅទីក្រុង Phoenix រដ្ឋ Arizona និង UMPQUA Research Co. មានមូលដ្ឋាន​ក្នុងទីក្រុង Myrtle Creek នៃរដ្ឋ Oregon។

បច្ចុប្បន្ននៅ​លើ​ស្ថានីយ៍អវកាស​អន្តរជាតិ ISS ឧស្ម័នកាបូន​ឌីអុកស៊ីត​ត្រឹមតែ​ ៥០ភាគរយ​ប៉ុណ្ណោះ​នៃខ្យល់​ដង្ហើមចេញ​របស់​អវកាសយានិក​​នៅទីនោះ ត្រូវបាន​ស្រោចស្រង់​ហើយបំលែង​ទៅជា​អុកស៊ីសែន​វិញ។ ដូច្នេះដើម្បី​បំពេញការ​ខ្វះខាតនេះ អង្គការ NASA តែងតែ​បញ្ជូន​ឧស្ម័ន​​អុកស៊ីសែន​ពីផែនដី​ទៅកាន់​ស្ថានីយ៍ ISS ប៉ុន្តែ​ដំណោះស្រាយ​នេះចាប់ផ្តើម​ប្រែក្លាយជា​បញ្ហាបន្តិច​ម្តងៗ ស្របពេល​ដែលក្រុម​អវកាស​យានិក​ត្រូវធ្វើដំណើរ​ទៅកាន់លំហអាកាស​ក្នុងបេសកកម្ម​រយៈពេល​យូរជាងមុន។

ហើយការបណ្តាក់ទុនវិនិយោគថ្មីរបស់ NASA និងព្យាយាមធ្វើ​យ៉ាងណា​ទាញយក​អុកស៊ីសែន​ឲ្យបាន ៧៥ភាគរយពីឧស្ម័ន​កាបូនិច​នៃខ្យល់ដង្ហើម​ចេញរបស់​អវកាសយានិក។ គួរបញ្ជាក់ថា យោងតាមលោក Steve Jurczyk ប្រធានផ្នែក​បច្ចេកវិទ្យា​របស់​ទីភ្នាក់ងារ​អវកាស NASA ការអភិវឌ្ឍ​នៃបច្ចេក​វិទ្យាផ្សេង​ៗ​ដើម្បី​ទ្រទ្រង់​អាយុជីវិត​នឹងអនុញ្ញាត​ឲ្យ NASA បង្កើន​សមត្ថភាព​សម្រាប់បេសកកម្ម​រុករក​ទីអវកាស​ ដោយមនុស្ស​ដែលប្រើប្រាស់​រយៈដ៏វែង៕