(ម៉ូស្គ)៖ ប្រទេសរុស្ស៊ី​កំពុងតែបង្អួត​សម្ញែង​ពីសព្វាវុធ​ទំនើបៗ​ប្រមាណ ៣០០ប្រភេទ​នៅឯពិពណ៌​អាកាសចរណ៍​​អន្តរជាតិ Aero India ឆ្នាំ២០១៧ ដែលកំពុង​​ប្រព្រឹត្តទៅ​ក្នុង​ទីក្រុង Bengaluru នៃប្រទេស​ឥណ្ឌា​ចាប់ពីថ្ងៃទី១៤-១៨ ខែកុម្ភៈនេះ។ នេះបើតាមការ​ចេញ​ផ្សាយ​​ដោយ​​សារ​​ព័ត៌​មាន​រុស្ស៊ី Sputnik នៅមុននេះ​បន្តិច​នាល្ងាច​ថ្ងៃអង្គារ ទី១៤ ខែកុម្ភៈ ឆ្នាំ២០១៧។

ប្រភពព័ត៌មាន​ខាងលើបាន​ឲ្យដឹងថា​សម្ភារៈយោធា​ក៏ដូចជាសព្វាវុធ​ប្រហែល៣០០ប្រភេទ​ សម្រាប់អតិថិ​ជនបរទេស​មកពី​តំបន់អាស៊ី-​ប៉ាស៊ីហ្វិក កំពុងត្រូវ​ដាក់បង្ហួត​បង្ហាញ​នៅឯពិពណ៌​អាកាសចរណ៍ Aero India 2017 ហើយយន្តហោះ​ចម្បាំង​ដែលមាន​សមត្ថភាព​ចម្រុះ Su-30MKI, យន្តហោះដឹក​ជញ្ជូនយោធា II-76MD-90A, យន្តហោះចុះ​លើផ្ទៃទឹក Be-200, និងឧទ្ធម្ភាគចក្រ​ធុនមធ្យម Ka-226T សុទ្ធតែ​ស្ថិតនៅ​ក្នុងប្រភេទ​ដែលទំនង​ជានឹងទទួលបាន​ជោគជ័យ​ជាងគេ នៅក្នុង​ការបង្ហាញសម្រាប់​អតិថិជន​បរទេស។

ក្រៅពីនេះ​អតិថិជនទាំងឡាយក៏ត្រូវបាន​គេរំពឹងថា​នឹងបង្ហាញ​ការចាប់អារម្មណ៍​ទៅលើ​ប្រព័ន្ធ​សព្វាវុធ​ដ៏ទំនើបៗ​ផ្សេងទៀត​ដូចជាប្រព័ន្ធ​​មីស៊ីល​ការពារ​អាកាស S-400, ប្រព័ន្ធមីស៊ីល​ប្រឆាំងយន្តហោះ​ចម្បាំង Pantsir-S1, និងប្រព័ន្ធ​ប្រឆាំងយន្តហោះ​ចម្បាំង Igla-S ផងដែរ។

គួរបញ្ជាក់ថា​នៅក្នុងប្រព័ន្ធសព្វាវុធមួយចំនួន ដែលកំពុងដាក់បង្អួត​និងសម្ញែង​នៅក្នុងពិពណ៌​ខាងលើ ត្រូវបាន​ប្រើប្រាស់នៅក្នុងអំឡុង​ប្រតិបត្តិការ​​ប្រឆាំង​អំពើភេរវកម្មរបស់រុស្ស៊ី​ នៅក្នុងប្រទេសស៊ីរី និងត្រូវបាន​គេមើលឃើញ​យ៉ាងជាក់ស្តែងថា​ គឺជាប្រព័ន្ធ​ដែល​អាចជឿទុកចិត្តបាន​ពិត​ប្រាកដមែន៕