(ម៉ូស្គូ)៖ វិមានក្រិមឡាំង​នៃរដ្ឋាភិបាល​រុស្ស៊ី បានចេញសេចក្តីថ្លែងការណ៍​ច្រានចោល​ព័ត៌មាន​​ដែលចុះផ្សាយ​យ៉ាងព្រោងព្រាតថា ទីប្រឹក្សាសន្តិសុខជាតិ​អាមេរិកលោក Michael Flynn ដែលជាមន្ត្រីកំពូលក្នុង​រដ្ឋបាល​លោក ដូណាល់ ត្រាំ នោះមានជាប់ពាក់ព័ន្ធនឹងមន្ត្រីរដ្ឋាភិបាលទីក្រុងម៉ូស្គូ។ នេះបើតាម​ការដក​ស្រង់​ការ​ផ្សាយ​ពី​បណ្តាញ​ព័ត៌មាន​​ទាន់ហេតុការណ៍ នៅមុននេះបន្តិច​នាល្ងាច​ថ្ងៃអង្គារ ទី១៤ ខែកុម្ភៈ ឆ្នាំ២០១៧។

សេចក្តីថ្លែងការណ៍ថាពីវិមានក្រិមឡាំងបានបញ្ជាក់នៅថ្ងៃអង្គារនេះ យ៉ាងដូច្នេះថា «ការលាលែងចេញពី​តំណែងរបស់​លោក Michael Flynn ប្រធានទីប្រឹក្សាសន្តិសុខជាតិអាមេរិក គឺជារឿងផ្ទៃក្នុងរបស់​ទីក្រុង​វ៉ាស៊ីនតោនសុទ្ធសាធ ដោយវាមិនបានជាប់ពាក់ព័ន្ធអ្វីជាមួយនឹងរដ្ឋាភិបាល​រុស្ស៊ីនោះ​ឡើយ»

គួរបញ្ជាក់ថា​លោក Michael Flynn ប្រធាន​ទីប្រឹក្សាសន្តិសុខជាតិ​​របស់សហរដ្ឋអាមេរិក ដែលជាស្ថាប័ន​កំពូល​មួយ​របស់​រដ្ឋនោះ បានលាលែង​​ចេញពី​តំណែង​នៅល្ងាច​ថ្ងៃចន្ទ (ម៉ោងនៅ​ទីក្រុងវ៉ាស៊ីនតោន) បន្ទាប់ពី​បានលេចធ្លាយ​បញ្ហាដ៏រសើបមួយចំនួន​ ពាក់ព័ន្ធនឹង​ការ​លួចធ្វើ​ទំនាក់ទំនង​សម្ងាត់ជាមួយ​មន្ត្រីរុស្ស៊ី។ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានប្រកាសតែង​តែងលោក Joseph Keith Kellogg ជាប្រធានស្តីទីនៃទីប្រឹក្សាសន្តិសុខជាតិអាមេរិក ភ្លាមៗបន្ទាប់លោក Michael Flynn ប្រកាស​លាលែងពីតំណែងរបស់ខ្លួន៕