(ស៊ីដនី)៖ មហាសេដ្ឋី​​រ៉ែលោក Clive Palmer បាននិយាយថា លោកមាន​គំរោងដាក់ពាក្យ​បណ្ដឹងទាមទារ​សំណង​ជំងឺ​ចិត្ត ៧.៧លានដុល្លារ​អាមេរិក ពី​នាយករដ្ឋមន្ត្រី​អូស្ត្រាលី​លោក Malcolm Turnbull សម្រាប់បទបរិហារកេរ្តិ៍។ នេះបើតាម​ការចេញ​ផ្សាយដោយ​ទីភ្នាក់ងារ​សារព័ត៌មាន​ចិន​ស៊ិនហួរ នៅរសៀលថ្ងៃអង្គារ ទី១៤ ខែកុម្ភៈ ឆ្នាំ២០១៧។

បើតាមអតីត​សមាជិក​សភាអូស្ត្រាលី លោក Clive Palmer បន្ទាប់ពី​ក្រុមហ៊ុន​របស់លោកឈ្មោះ Queensland Nickel បានក្ស័យ​ធនកាលពី​ដើមឆ្នាំ ២០១៦ លោក Malcolm Turnbull បានធ្វើការ​អត្ថាធិប្បាយ​មួយចំនួន​ធ្វើឱ្យប៉ះពាល់​ដល់កិត្តិយស​របស់លោក ហើយលោក​ក៏មានគំរោង​ដាក់ពាក្យប្ដឹង​ទាមទារសំណងជំងឺចិត្ត ១៩១,៩០០ដុល្លារអាមេរិក​ពីរដ្ឋមន្ត្រីការងារ លោក Michaelia Cash ផងដែរ។

លោក Palmer លើកឡើងដូច្នេះថា «ពួកគេបាននិយាយកុហុកអំពីប្រជាជនអូស្ត្រាលីពីក្រុម Queensland Nickel និងតួនាទីរបស់ខ្ញុំ​នៅក្នុង​ក្រុមហ៊ុននេះ។ ពួកគេបាន​និយាយបង្ខូច​កេរ្តិ៍ឈ្មោះខ្ញុំ ដល់សាធារណជន ហើយអ្វី​ដែលពួកគេ​បានធ្វើគឺ​ក្រោមហេតុ​ផលនយោបាយ»

គួរបញ្ជាក់ថា​លោក Clive Palmer អាចនឹង​បង្ហាញខ្លួន​នៅចំពោះមុខ​តុលាការ​ក្នុងទីក្រុង Brisbane នៅថ្ងៃពុធ​ស្អែកនេះ ជាទី​ដែលលោក​នឹងត្រូវបានគេ​សាកសួរពីរឿង​ក្ស័យធន​ក្រុមហ៊ុន Queensland Nickel ដែលបាន​ជំពាក់បំណុល ២៣០លានដុល្លារ និងបន្សល់ទុក​បុគ្គលិក ៨០០នាក់​គ្មានការងារធ្វើ៕