(បាងកក)៖ រាប់ចាប់ពីការទាមទារ​ឲ្យធ្វើការកែប្រែ​រដ្ឋធម្មនុញ្ញ រហូតដល់​ការជំរុញឲ្យមាន​ការបង្រួប​បង្រួម​ជាតិ​នៅក្នុងប្រទេស​ដែលបែកបាក់​គ្នា​​នេះ ក៏ដូចជា​ការផ្លាស់ប្តូរ​សមាសភាព​មន្រ្តីនៅក្នុងការិយាល័យ​កិច្ចការ​ព្រះរាជវាំង មនុស្សគ្រប់គ្នា​បានមើលឃើញ​ជាក់ស្តែងថា ព្រះមហាក្សត្រ​ថៃ​ថ្មី​កំពុង​បង្ហាញ​​ពី​កិត្យា​នុ​ភាព​​ដ៏​អង់​អាច​នៅក្នុងរជ្ជកាល​គ្រប់គ្រង់របស់​ព្រះអង្គ មិនឲ្យចាញ់ព្រះបិតានោះឡើយ។ នេះបើតាម​ការចេញផ្សាយ​ដោយ​សារព័ត៌មាន Channe News Asia នៅមុននេះបន្តិច​នារសៀល​ថ្ងៃអង្គារ ទី១៤ ខែកុម្ភៈ ឆ្នាំ២០១៧។

ចាប់តាំងពី​ព្រះអង្គបានឡើង​គ្រងរាជ្យសម្បត្តិ​កាលពី​ខែធ្នូ ឆ្នាំ២០១៦កន្លងទៅ​បន្តពីព្រះបិតា​ទ្រង់គឺ ព្រះបាទ ភូមិបុល អាប់ឌុលយ៉ាដេត មកព្រះបាទ មហា វិច្ឆិរ៉ាឡុងកង បានបញ្ជាក់​យ៉ាងច្បាស់​ទៅកាន់រដ្ឋាភិបាល​យោធា​ថៃ​ ដែលកំពុង​តែដឹកនាំ​ប្រទេសថា ព្រះអង្គ​​នឹងមិន​​គង់​​តែ​នៅ​ពី​​ក្រោយ​​ខ្នង​​ក្នុង​នាម​ជា​ប្រមុខ​​ដឹក​នាំ​​នៃរដ្ឋធម្មនុញ្ញ​ប៉ុណ្ណោះ​​​ឡើយ។

ទោះបីជា​ព្រះមហាក្សត្រថៃ​បច្ចុប្បន្ន មិនធ្លាប់​ទទួលបានការ​ស្រឡាញ់​ពេញចិត្តជាសាធារណៈដូចព្រះបិតា​ទ្រង់យ៉ាងណាក្តី ក៏ព្រះបាទ មហា វិច្ឆិរ៉ាឡុងកន ជាមួយការ​សិក្សាមក​ពី​សាលា​យោធា និងមាន​បទពិសោធន៍​ប្រយុទ្ធឆាំង​នឹង​ក្រុមបះបោរ​កាលពីទសវត្សរ៍​ឆ្នាំ១៩៧០ នៅតែទទួល​​បានការ​រ​គោរ​ព​ពី​សំណាក់​​យោធាដែរ។ តួយ៉ាង​រាល់ពេល​ចូលគាល់ព្រះអង្គ​ដែលជាព្រះមហាក្សត្រ​ថៃម្តងៗ មន្រ្តី​ជាន់​ខ្ពស់​​យោធា​ថៃ​​បាន​ឱន​​លំទោន​និងក្រាបដល់ៗ​ដី ដើម្បីសម្តែង​ការគោរព​ដ៏ខ្ពង់ខ្ពស់​ចំពោះទ្រង់ ​ហើយ​នៅពេលព្រះរាជវាំង​ស្នើឲ្យធ្វើវិសោធនកម្ម​​ទៅ​លើ​រដ្ឋធម្មនុញ្ញ រដ្ឋា​ភិ​​បាល​​ថៃ​​បានគោរព​ប្រតិបត្តិ​​តាម​​ភ្លាមៗ។

ចំណែកឯ​នៅក្នុងការិយាល័យ​កិច្ចការព្រះរាជវាំង​វិញ​កំពុងត្រូវបាន​ផ្លាស់ប្តូរ ដោយការ​តែងតាំង​ក៏ដូចជាការដំឡើង​តំណែង​ចំនួន២០​ត្រូវ​បានធ្វើឡើង​ដោយព្រះមហាក្សត្រថៃ​ថ្មីអង្គនេះ ហើយវា​ក៏រួមបញ្ចូល​ទាំងការរុះរើ​សមាសភាព​សមាជិកជាន់​ខ្ពស់​ នៃមន្រ្តី​ការិយាល័យ​រាជ្យវាំង​ផងដែរ ដោយ​បុគ្គលជា​ច្រើនរូបក្នុង​ចំណោម​នោះបាន​កាន់តួនាទី​រៀងៗ​ខ្លួន​អស់រយៈពេល​រាប់ទសវត្សរ៍មកហើយ នៅក្រោម​រជ្ជកាល​គ្រប់គ្រង​របស់​អតីត​ព្រះមហាក្សត្រថៃ ព្រះបាទ ភូមិបុល អាប់ឌុលយ៉ាដេត និងការដំឡើង​តំណែង​មន្រ្តីយោធា​ទាំងឡាយណា​ដែលមានទំនាក់ទំនង​​ជិតស្និទ្ធជា​មួយស្តេចថ្មី។

ដោយឡែកលោក Prem Tinsulanonda នៅតែបន្ត​កាន់តំណែង​ជាប្រធាន​ក្រុមប្រឹក្សា​ជំនិតនៃ​ព្រះមហាក្សត្រ​ដដែល ប៉ុន្តែសមាជិក​ពាក់​កណ្តាល​ផ្សេងទៀត​គឺជាសមាសភាព​ថ្មី។ សមាជិកថ្មី​ចំនួន០៦រូប​ដែលត្រូវបាន​តែងតាំងដោយ​ព្រះបាទ មហា វិច្ឆិរ៉ាឡុងកន សុទ្ធតែ​មាន​​​សាវតា​នៅក្នុងកង​ការពារ​ព្រះមហាក្សត្រ ដែលជា​កន្លែងព្រះអង្គ​ធ្លាប់បំពេញ​ព្រះរាជកិច្ច។

ម៉្យាងវិញទៀត​កាលពី​សប្តាហ៍​មុននេះ ព្រះរាជាថៃ​អង្គនេះ​បានតែងតាំង​សម្តេចព្រះសង្ឃរាជថ្មី​ថែមទៀតផង ដើម្បីបញ្ចប់​ការខ្វែងគំនិត​គ្នា​ពាក់​​ព័ន្ធនឹង​តំណែងនេះ ​ដែលបានអូស​បន្លាយពេល​វេលាអស់មិនក្រោម​មួយឆ្នាំឡើយនោះ បន្ទាប់ពី​សភាជាតិថៃ​បានប្រគល់សិទ្ធិ​អំណាច​​ក្នុងការ​​សម្រេចចិត្ត​លើរឿងនេះទៅ​ឲ្យ​មហាក្សត្រវិញ។

គួរបញ្ជាក់ថា ព្រះបាទ មហា វិច្ឆិរ៉ាឡុងកន ក៏ធ្លាប់​បានលើក​ឡើងពីការរួបរួម​សាមគ្គីគ្នា​នៅក្នុងប្រទេស​ដែលបែក​បាក់គ្នានេះ​ផងដែរ កាលពី​អំឡុងពេល​ថ្លែងរាជសារ​ថ្ងៃចូលឆ្នាំសកល និងអំឡុង​ជំនួបពេលរាត្រី​មួយជាមួយ​មេដឹកនាំ​ប្រទេសថៃ​បច្ចុប្បន្ន​គឺនាយករដ្ឋមន្រ្តី​ថៃលោក ប្រាយុទ្ធ ចាន់អូចារ កាលពី​ខែមករាកន្លង​ទៅនេះ​ផងដែរ ប៉ុន្តែសំណួរ​ដ៏សំខាន់បំផុត​នោះគឺថា​តើអ្វីនឹងកើត​ឡើង​យ៉ាងពិ​តប្រាកដ​ នៅពេលការ​​ប្រកួត​ប្រជែងផ្នែក​នយោបាយ​បន្តប្រព្រឹត្ត​ទៅ​សាជាថ្មី​នោះ បន្ទាប់ពីត្រូវ​បានផ្អាកកាល​ពីការធ្វើរដ្ឋប្រហារ​យោធា​ឆ្នាំ២០១៤៕