(ស៊ីដនី)៖ អតីតនាយករដ្ឋ​មន្ត្រី​អូស្ត្រាលី លោក Bob Hawke បានអំពាវនាវ​ឲ្យរដ្ឋាភិបាល​អូស្ត្រាលី​ទទួលស្គាល់​ជាផ្លូវការ​នូវប៉ាឡេស្ទីនខាងផ្នែកការទូត ចំពោះមុខ​ដំណើរទស្សនកិច្ច​ដែលជិតនឹង​មកដល់​ពី​សំណាក់​នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល​លោក ប៊ិនចាមីន ណឺតាន់យ៉ាងហ៊ូ ដែលមាន​ជំហរប្រឆាំង​ប៉ាឡេស្ទីន​យ៉ាងដាច់​ខាត​បំផុតនោះ។ នេះបើតាម​ការចេញផ្សាយ​ដោយទីភ្នាក់ងារ​ព័ត៌មាន​ចិនស៊ិនហួរ នារសៀលថ្ងៃ​អង្គារ ទី១៤ ខែកុម្ភៈ ឆ្នាំ២០១៧។

ក្រៅពីការអំពាវនាវខាងលើនេះ លោក Hawke ក៏បានបង្ហាញ​ជំហររិះគន់ធ្ងន់ៗ​របស់លោក​ផងដែរ ទៅលើ​រដ្ឋាភិបាល​អ៊ីស្រាអែល ជាពិសេស​ការសម្រេចចិត្ត​សាងសង់​លំនៅឋាន ២.៥០០ខ្នង​បន្ថែមទៀត​ទៅលើ​ដែនដី​វែសត៍ប៊ែង របស់​ប៉ាឡេស្ទីន ដែលទង្វើនេះ​ត្រូវបានអតីតមេដឹកនាំ​កំពូលអូស្ត្រាលីរូបនេះ​ចោទប្រកាន់​ថា​ជាការ «មើលងាយ» ដល់អង្គការ​សហប្រជាជាតិ ដែលជាស្ថាប័នកំពូល​របស់អន្តរជាតិ។

លោក Hawke បានសង្កត់ធ្ងន់យ៉ាងដូច្នេះថា «អូស្ត្រាលីក៏ធ្លាប់​ស្ថិតនៅក្នុងតំណាក់កាលនោះដែរ​​កាលពី​ដំបូង​បំផុត។ អ្វីដែលយើង​គួរតែធ្វើ​នៅពេលនេះ គឺចំពោះមុខ​ពេលវេលា​ដ៏ចាំបាច់​បំផុត ហើយយើង​ត្រូវតែ​ធ្វើទៅតាមអ្វី​ដែលប្រទេស​ចំនួន ១៣៧ បានធ្វើរួចមក​ហើយ នោះគឺការ​ទទួល​ស្គាល់​ផ្នែក​ការទូតដល់​រដ្ឋប៉ាឡេស្ទីន»។ គួរបញ្ជាក់ថា​កាលពី​ខែមករា​លោកស្រី​រដ្ឋមន្ត្រីការបរទេស​អូស្ត្រាលី Julie Bishop ក៏​ធ្លាប់បានបង្ហាញក្តី​ព្រួយបារម្ភ​ចំពោះគំរោង​សាងសង់លំនៅឋាន​របស់អ៊ីស្រាអែល​ផងដែរ ប៉ុន្តែលោកស្រី​​បាន​បដិសេធ​មិនធ្វើការ​ថ្កោលទោស​អ៊ីស្រាអែល​នោះឡើយ៕