(ញូដេលី)៖ តុលាការកំពូលរបស់ប្រទេសឥណ្ឌា បានកាត់ទោសអនាគតមេដឹកនាំរដ្ឋ Tamil Nadu គឺលោកស្រី VK Sasikala ដាក់ពន្ធនាគាររយៈពេល ០៤ឆ្នាំ ក្រោយពីបានរកឃើញថាលោកស្រី​បានប្រព្រឹត្ត​អំពើពុករលួយលើ​គ្រប់គ្រងថវិការដ្ឋមិ​ន​ត្រឹម​ត្រូវ។ នេះបើតាម​ការដកស្រង់​ព័ត៌មានពី Channel News Asia នារសៀល​ថ្ងៃអង្គារ ទី១៤ ខែកុម្ភៈ ឆ្នាំ២០១៧។

ការចោទ​ប្រកាន់ខាងលើនេះ ក៏មានជាប់ពាក់ព័ន្ធ​នឹងការរួមផ្សំគំនិត​របស់​លោកស្រី Sasikala ជាមួយនឹង​លោក Jayalalithaa Jayaram អតីតអភិបាល​រដ្ឋខាងលើនេះ ដែលបានទទួលមរណភាពកាលពីខែធ្នូ ឆ្នាំ២០១៦​ផងដែរ។ លោកស្រី Sasikala ត្រូវបាន​សារព័ត៌មានឥណ្ឌាចេញផ្សាយថា មិនបាន​អង្គុយស្តាប់​ការ​កាត់ក្តីនោះ​ឡើយ ប៉ុន្តែប៉ូលិស​នឹងចេញ​ប្រតិបត្តិការនាំខ្លួន​លោកស្រី​ពីកន្លែងស្នាក់នៅរបស់​លោកស្រី​ផ្ទាល់​រួចយកទៅផ្តន្ទាទោស​តាមសេចក្តីសម្រេច​របស់តុលាការ។

បន្ថែមពីនេះសូម្បីតែក្មួយប្រុស និងក្មួយស្រីរបស់លោកស្រី Sasikala ក៏ត្រូវបាន​តុលាការឥណ្ឌា​កាត់ទោស​ដាក់​ពន្ធនាគារ ០៤ឆ្នាំដូចៗគ្នាផងដែរ ពាក់ព័ន្ធការប្រព្រឹត្តខុស​ទៅនឹងច្បាប់។ គួរបញ្ជាក់ថា​ក្រោយលោក​អភិបាលរដ្ឋ Jayaram ទទួលមរណភាព​នោះ លោកស្រី Sasikala ត្រូវបានគណៈគ្រប់គ្រង​រដ្ឋ Tamil Nadu បោះឆ្នោត​គាំទ្រ​ជាអភិបាលថ្មី ដែលគ្រោង​ឡើងកាន់តំណែង​ជាផ្លូវការនៅចុង​សប្តាហ៍នេះ ប៉ុន្តែដោយ​សារតែ​លោកស្រីទទួលរង​ពាក្យបណ្តឹង ហើយតុលាការ​ក៏បានសម្រេចទោស​ទៅហើយនោះ អភិបាលថ្មីនៃ​រដ្ឋ​ភាគត្បូង​ប្រទេស​ឥណ្ឌាមួយនេះ នឹងត្រូវជ្រើសតាំង​សាជាថ្មី៕