(តូក្យូ)៖ រដ្ឋមន្រ្តីក្រសួង​ហិរញ្ញវត្ថុជប៉ុន Taro Aso នៅថ្ងៃអង្គារនេះ​បានថ្លែងថា​ ជប៉ុននិង​សហរដ្ឋអាមេរិក នឹងសំដៅ​ធ្វើការពង្រឹង​ទំនាក់ទំនង​​ពាណិជ្ជ​កម្ម​ និងវិនិយោគទុន​រវាងប្រទេស​ទាំងពីរ ក៏ដូចជា​នៅក្នុង​ចំណោម​​បណ្តាប្រទេសដទៃៗទៀត​នៅតំបន់​អាស៊ី-ប៉ាស៊ីហ្វិក​ផងដែរ ហើយ​​គេ​បាន​សង្កេតឃើញថា​សម្ព័ន្ធមិត្តទាំងពីរនេះ​មានភាពជិតស្និទ្ធ​នឹងគ្នាកាន់តែខ្លាំង​ឡើង​នៅក្នុងសម័យកាល​ដឹកនាំ​របស់​ប្រធានាធិបតី​អាមេរិក​​លោក ដូណាល់ ត្រាំ។ នេះបើតាម​ការចេញផ្សាយ​ដោយ​សារព័ត៌មាន Channel News Asia នៅមុននេះ​បន្តិចនាព្រឹក​ថ្ងៃអង្គារ ទី១៤ ខែកុម្ភៈ ឆ្នាំ២០១៧។

នៅក្រោយកិច្ច​ប្រជុំគណៈរដ្ឋមន្រ្តី​លោក Taro Aso បាន​បញ្ជាក់ប្រាប់​ក្រុមអ្នកសារព័ត៌មាននានា​ថា «យើងនឹង​ធ្វើការពិភាក្សា​ស្តីពីគោល​នយោបាយ​សេដ្ឋកិច្ច​ និងការពង្រឹង​ទំនាក់ទំនង​ផ្នែកពាណិជ្ជកម្ម​ព្រមទាំង​ការវិនិយោគ រួមជាមួយកិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច​ក្នុងចំណោម​​​បណ្តា​ប្រទេស​នៅតំបន់​អាស៊ី-ប៉ាស៊ីហ្វិក ក៏ដូចជា​ជប៉ុន​ និង​សហរដ្ឋអាមេរិក»

គួរបញ្ជាក់​ថា​នៅក្នុងជំនួបពិភាក្សា​មួយ​កាលពីចុងសប្តាហ៍មុន​រវាង​លោក ស៊ីនហ្សូ អាបេ និងលោក ដូណាល់ ត្រាំ ប្រទេស​ជប៉ុន​ និង​សហរដ្ឋអាមេរិកបាន​ព្រមព្រៀងគ្នា​ធ្វើការបង្កើតកិច្ច​សន្ទនា​ទ្វេភាគីមួយ​ស្តីពី​បញ្ហាសេដ្ឋកិច្ច ដែលនឹងត្រូវ​ដឹកនាំ​ដោយលោក Aso ដែល​មាន​តួនាទីជា​ឧបនាយករដ្ឋមន្រ្តីជប៉ុន​ផងដែរ និងអនុប្រធានាធិបតី​អាមេរិក​លោក Mike Pence ដើម្បីពិភាក្សា​អំពីនយោបាយ​សារពើពន្ធ​​និង​រូបិយវត្ថុ ព្រមទាំង​គំរោងហេដ្ឋារចនា​សម្ព័ន្ធ​ ក៏ដូចជាការ​ធ្វើពាណិជ្ជកម្ម​រវាងប្រទេស​ទាំងពីរ៕

លោក ត្រាំ និង លោក អាបេ

លោក Mike Pence

លោក ស៊ីនហ្សូ អាបេ និង លោក Taro Aso