(ប៉ារីស)៖ ប្រធានាធិបតី​បារាំងលោក ហ្រ្វង់ស័រ ហូឡង់ បានលើកឡើង​នៅថ្ងៃអង្គារនេះ​ថា​អង្គការណាតូ (NATO) គួរតែពង្រឹង​គោលនយោ​បាយ​​ការពារជាតិ​ ក៏ដូចជាបង្កើន​សកម្មភាព​របស់ខ្លួន ដើម្បីធានា​ឲ្យបាននូវ​សន្តិសុខ​សុវត្ថិភាព​ដ៏ប្រសើរ​ជាងមុន នៅក្នុងបរិបទ​នៃការកើនឡើង​ឥតឈប់ឈរ​​នៃការ​គំរាម​កំហែង​នានា។ នេះបើតាម​ការចេញ​ផ្សាយដោយ​ទីភ្នាក់ងារ​ព័ត៌មានចិន ស៊ិនហួរ នៅមុននេះ​បន្តិច​នាព្រឹក​ថ្ងៃអង្គារ ទី១៤ ខែកុម្ភៈ ឆ្នាំ២០១៧។

ថ្លែង​កិច្ចសន្ទនា​តាមទូរស័ព្ទ​ជាមួយអគ្គលេខាធិការ​របស់អង្គការ NATO លោក Jens Stoltenberg លោក Hollande គូសបញ្ជាក់​អំពី​ការប្តេជ្ញា ដ៏មុះមុត​របស់បារាំង​ចំពោះការអភិវឌ្ឍ​នៃគោល​នយោបាយ​ការពារជាតិ​អឺរ៉ុប​ដែលមាន​មហិច្ឆតា​ជាងមុន។ ជាមួយ​គ្នា​​នេះ​ថ្លែង​​ក្នុង​សេចក្តី​​ថ្លែង​ការណ៍​មួយដែលត្រូវបាន​ចេញ​ដោយ​ការិយាល័យ​ប្រធានាធិបតី មេដឹកនាំ​ប្រទេស​បារាំង​រូបនេះ​មានបាន​​​និយាយ​ដូច្នេះថា «អង្គការ NATO ​ត្រូវតែបន្ត​ធ្វើការ​បង្ហាញ​អំពីសមត្ថភាព​ក្នុងការបត់បែន​បេសកកម្ម​របស់ខ្លួន នៅចំពោះមុខ​ការគំរាមកំហែង​ដែលកំពុងកើន​ឡើង​យ៉ាងក្តៅ​គគុក​ ហើយ​សកម្មភាព​រួបរួម​សាមគ្គីគ្នា​គឺជាការធានា​ដ៏ល្អ​បំផុត​នៃប្រសិទ្ធភាព​របស់​អង្គការ NATO»

គួរបញ្ជាក់ថាអង្គការ NATO បានដាក់​ពង្រាយ​កងទ័ព​ជាច្រើន​ទៅកាន់​តំបន់អឺរ៉ុប​ខាងកើត​ក្បែរព្រំដែន​នៃប្រទេស​រុស្ស៊ី ដោយអះអាង​ដើម្បី​បង្ការ​ការគំរាមកំហែង​ពីសំណាក់​រដ្ឋាភិបាល​ទីក្រុងម៉ូស្គូ៕