(សេអ៊ូល)៖ តាមការដកស្រង់ព័ត៌មានពីប្រព័ន្ធផ្សព្វផ្សាយអាមេរិកឲ្យដឹងថា ប្រទេសកូរ៉េខាងជើង​បានបង្វែរ​ជំនួយ​របស់សហគមន៍អន្តរជាតិ ដែលផ្តល់ដើម្បីជួយសង្គ្រោះប្រជាជនប្រទេសកុម្មុយនិស្តមួយនេះរាប់ម៉ឺន​នាក់ដែលបាន​រងគ្រោះដោយទឹកជំនន់កាលពីឆ្នាំ២០១៦នោះ ទៅបម្រើលើវិស័យផ្សេងដែលមិនចាំបាច់ នោះគឺការកសាងផ្លូវថ្នល់ក្នុងទីក្រុងព្យុងយ៉ាង និងកសាងសណ្ឋាគារក្រោមទឹកនៅទីក្រុងវ៉ុនសានទៅវិញ។ នេះបើតាមការចេញផ្សាយ​ដោយសារព័ត៌មាន​យ៉ុនហាប់ នាព្រឹកថ្ងៃអង្គារ ទី១៤ ខែកុម្ភៈ ឆ្នាំ២០១៧។

ប្រភពពីអ្នកតាមដានសម្ងាត់នៅកូរ៉េខាងជើងបានប្រាប់បណ្តាញ RFA របស់សហរដ្ឋអា​មេរិកថា ជំនួយដែល​អន្តរជាតិបាន​ផ្តល់ទៅប្រទេសកូរ៉េខាងជើង​ដើម្បីជួយសង្គ្រោះ​ប្រជាជន​ប្រមាណ ៧០,០០០នាក់ ដែលបាន​បាត់បង់​ទីជម្រក និងអត់ចំណី​អាហារដោយសារ​តែព្យុះទីហ្វុង Lionrock វាយប្រហារ​កូរ៉េខាងជើង​​កាលពី​ខែកញ្ញា ឆ្នាំ២០១៦ ត្រូវបាន​របបដឹកនាំកូរ៉េខាងជើង​យកទៅប្រើប្រាស់​ខុសគោលដៅ នោះគឺ​បានបង្វែរ​ជំនួយទាំងនោះ​ទៅកសាងហេដ្ឋារចនាសម្ព័ន្ធ​ដែលជាផលប្រយោជន៍​សម្រាប់បក្សកុម្មុយនិស្ត​ទាំងស្រុង។

គួរបញ្ជាក់ថា ក្រៅពីមនុស្សរាប់ម៉ឺននាក់បាត់បង់ជីជំរក និងខ្វះខាតចំណីអាហារ មនុស្ស ៤០០នាក់ផ្សេងទៀត​ត្រូវបានគេរាយការណ៍ថាបានបាត់ខ្លួន និង១៣០នាក់ស្លាប់ដោយសារព្យុះ Lionrock។ សម្រាប់ជំនួយ​អន្តរជាតិ​ទាំងនោះគឺមាន ៣លានដុល្លារជាជំនួយរបស់ប្រទេសចិនតែឯង៕