(តូក្យូ)៖ បន្ទាប់ពីប្រទេសកូរ៉េខាងជើង​បានបាញ់សាកល្បង​មីស៊ីលប្រភេទថ្មី ដែលមាន​សមត្ថភាពអាច​បំពាក់ក្បាលគ្រាប់​នុយក្លេអ៊ែរ​នោះ កងកម្លាំងស្វ័យ​ការពាររបស់ជប៉ុន​បានសម្រេច​ធ្វើការ​ពង្រាយប្រព័ន្ធ​ការពារ​មីស៊ីល A PAC-3 Patriot ដ៏មានអានុភាពនៅ​ក្រសួងការពារជាតិ​នៃទីក្រុងតូក្យូ ដើម្បីការពារ​ពីហេតុការណ៍អាក្រក់ណាមួយ ដែលអាចកើតឡើងជាយថាហេតុ។ នេះបើតាម​ការចេញផ្សាយ​ដោយសារព័ត៌មាន Channel News Asia ដកស្រង់ចេញពី AP និងក្យូដូ នារសៀលថ្ងៃចន្ទ ទី១៣ ខែមករា ឆ្នាំ២០១៧។

កូរ៉េខាងជើង បានអះអាងជាផ្លូវការពីជោគជ័យនៃការបាញ់សាកល្បងមីស៊ីលផ្លោងរយៈចំងាយមធ្យម មានសមត្ថភាពបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរ ដែលធ្វើឡើងកាលពីថ្ងៃអាទិត្យ ដែលជាហេតុធ្វើឲ្យប្រទេស​ជិតខាងទាំងអស់​ជាពិសេសជប៉ុន និងកូរ៉េខាងត្បូងក្តៅក្រហាយនៅមិនសុខ។

យោងតាម KCNA​ ទីក្រុងព្យុងយ៉ាងបានបាញ់សាកល្បងប្រកបដោយជោគជ័យប្រព័ន្ធអាវុធ​យុទ្ធសាស្ត្រមីស៊ីល Pukguksong-2​ អាចមានសមត្ថភាពបំពាក់​ក្បាលគ្រាប់នុយក្លេអ៊ែរ ដែលនេះក៏បង្ហាញផងដែរពីការចំរើនទៅមុខនៃកម្មវិធីមីស៊ីលរបស់កូរ៉េ​ខាងជើង។ KCNA​ បានរាយការណ៍ដូច្នេះថា៖«ការបាញ់សាកល្បង មីស៊ីលរយៈចំងាយមធ្យម Pukguksong-2 ត្រូវបានធ្វើឡើងប្រកបដោយជោគជ័យ ហើយវានឹងក្លាយជាអាវុធសាស្ត្រថ្មីមួយទៀតរបស់យើង»។

គួរបញ្ជាក់សហរដ្ឋអាមេរិក ជប៉ុន និងកូរ៉េខាងត្បូងបានស្នើឱ្យ​បើក​កិច្ចប្រជុំ​ជាបន្ទាន់មួយ​នៃក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ (​UN) ហើយ​ដែលសំណើ​នេះធ្វើឡើង​ភ្លាមៗ​បន្ទាប់ពី​​កូរ៉េខាងជើងបាន​អះអាងពី​ជោគជ័យ​​នៃការបាញ់​សាកល្បង​មីស៊ីល​ផ្លោង​ រយៈចំងាយ​មធ្យម​កាលពី​ថ្ងៃអាទិត្យ៕