(សេអ៊ូល)៖ ​ក្រសួងការ​បរទេសរុស្ស៊ីនៅថ្ងៃចន្ទនេះ​បាននិយាយថា ខ្លួនពិតជា​មានការ​ព្រួយបារម្ភ និងយក​ចិត្ត​ទុកដាក់ជាខ្លាំង​ទាក់ទិននឹង​ការបាញ់​សាកល្បង​មីស៊ីលផ្លោង រយៈចំងាយ​មធ្យម​ប្រភេទថ្មី ពីសំណាក់​កូរ៉េខាងជើង​កាលពី​ថ្ងៃអាទិត្យ ដែលផ្ទុយ​ទាំងស្រុង​ពីសេចក្ដីសម្រេច​ដាក់ទណ្ឌកម្ម​របស់អង្គការ​សហប្រជាជាតិ។ ក៏ប៉ុន្តែ ទនឹ្ទមគ្នានឹង​ការព្រួយបារម្ភ​នេះ ទីក្រុងមូស្គូ​ក៏បានអំពាវនាវ​ផងដែរ​ឱ្យភាគី​ពាក់ព័ន្ធ ទាំងអស់​រក្សាភាព​ស្ងៀមស្ងាត់ និងជៀសវាង​រាល់សកម្មភាព​បង្កឱ្យស្ថានភាព​នៅក្នុង​តំបន់​ឧទ្វីបកូរ៉េ កាន់តែ​តានតឹង។ នេះបើតាម​ការដកស្រង់​សម្ដីដោយ​សារព័ត៌មានរុស្ស៊ី RIA​ ចុះផ្សាយ​បន្តដោយ​ទីភ្នាក់ងារ​សារព័ត៌មាន Reuters នៅរសៀលថ្ងៃចន្ទ ទី១៣ ខែកុម្ភៈ ឆ្នាំ២០១៧។

សម្រាប់រុស្ស៊ី​ក៏ដូចជាទីក្រុងប៉េកាំង សកម្មភាពបង្ក​រឿងរបស់​កូរ៉េខាងជើង ដូចជា​ការបាញ់​សាកល្បង​មីស៊ីលនេះ មិនមែនជាអ្វី​ដែលមហា​អំណាចទាំងពីរ​នេះ​ចង់បាននោះឡើយ ត្បិតវាអាច​នឹងកា្លយ​ជាលេសមួយ​សម្រាប់​សហរដ្ឋអាមេរិក យកទៅ​សំអាងធ្វើជា​ហេតុផល​កាន់តែច្បាស់ ដើម្បីដាក់​ពង្រាយ​ប្រព័ន្ធ​ខែលការពារ​មីស៊ីល THAAD នៅ​លើទឹកដី​កូរ៉េខាងត្បូង ដែលទំាង​ទីក្រុងមូស្គូ និងចិនកំពុងចោទ​ប្រកាន់ថា ការដាក់​ពង្រាយ THAAD នឹងធ្វើ​ឱ្យប៉ះពាល់​ដល់សន្តិសុខជាតិ​របស់ខ្លួន និងតុល្យភាព​អំណាច​នៅក្នុងតំបន់។

ទោះបីយ៉ាងក៏ដោយការបាញ់សាកល្បងមីស៊ីល​ដោយទីក្រុង​ព្យុងយ៉ាង កាលពីថ្ងៃអាទិត្យត្រូវបាន​អ្នក​ជំនាញមួយ​ចំនួន​យល់ថា គ្រាន់តែជាការធ្វើតេស្ដ​គោលជំហររបស់ចិន​តែប៉ុណ្ណោះ ពោលគឺ​ចង់ដឹងថា​តើចិននឹង​នៅតែ​ការពារ​របបដឹកនាំ លោក គីម ជុងអ៊ុន ដែរឬទេ និងដល់កំរិតណា? បន្ទាប់ពីចិននិង សហរដ្ឋអាមេរិកហាក់ដូចជា​កំពុងមានទំនាក់ទំនង​ល្អឡើងវិញក្រោយ លោក ដូណាល់ ត្រាំ ទទួលស្គាល់​គោល​នយោបាយ​ចិនតែមួយ នៅក្នុងលិខិត​មួយផ្ញើជូន​ប្រធានាធិបតី​ចិន លោក ស៊ី ជីនពីង នាពេលថ្មីនេះ។

ម្យ៉ាងវិញទៀត​អ្វីដែល​កូរ៉េខាងជើងចង់ដឹងនៅពេល​នេះ នោះគឺថា​ចិននឹង​តបស្នង​អ្វីដល់​លោក ត្រាំ ចំពោះ​ការទទួលស្គាល់​គោលនយោបាយ​ចិនតែមួយ ខណៈរដ្ឋាភិបាល​ទីក្រុង​វ៉ាស៊ីនតោន ធា្លប់អះអាង​ជា​ច្រើនដង​ពីការចង់ធ្វើ​កិច្ចសហការណ៍​ជាមួយទីក្រុង​ប៉េកាំង ដើម្បីដោះស្រាយ​នឹងកូរ៉េខាងជើង។

គួរបញ្ជាក់ថា​បើតាមក្រុមមន្ត្រី​អង្គការសហប្រជាជាតិ​ក្រុមប្រឹក្សា​សន្តិសុខ នឹងបើកកិច្ច​ប្រជុំបន្ទាន់​នៅថ្ងៃចន្ទ (ម៉ោងនៅក្នុងទីក្រុងញូយ៉ក) ដើម្បីពិភាក្សាគ្នា​លើការបាញ់​សាកល្បង​មីស៊ីល​របស់​កូរ៉េខាងជើង​បន្ទាប់ពី​មានសំណើ​កោះប្រជុំ​ពី សហរដ្ឋអាមេរិក ជប៉ុន និងកូរ៉េខាងត្បូង៕