(រីយ៉ូ)៖ បុរសម្នាក់ត្រូវ​បានគេបាញ់សម្លាប់ និងមនុស្ស០៧នាក់ផ្សេងទៀត​បានរងរបួស នៅអំឡុង​ពេល​នៃការប៉ះទង្គិចគ្នា​ដោយហិង្សា​រវាងក្រុមអ្ន​កគាំទ្រក្លឹបបាល់ទាត់ចំនួន០២ នៅឯកីឡដ្ឋាន​បាល់ទាត់​ក្នុងទីក្រុងរីយ៉ូ ឌឺហ្សានណេរ៉ូ ប្រទេស​ប្រេស៊ីលនៅថ្ងៃអាទិត្យ។ នេះបើតាម​ការចេញ​ផ្សាយដោយ​ទីភ្នាក់ងារសារព័ត៌មាន​ចិនស៊ិនហួរ នៅរសៀលថ្ងៃចន្ទ ទី១៣ ខែកុម្ភៈ ឆ្នាំ២០១៧។  

យោងតាមអាជ្ញាធរប្រេស៊ីលបុរស​ឈ្មោះថា Diego Silva dos Santos ​អាយុ​២៨ឆ្នាំ​ត្រូវបាន​គេបាញ់​សម្លាប់​នៅខាងក្រៅ​កីឡដ្ឋាន Rio's Olympic Stadium នៅមុនពេល ការប្រកួតចាប់​ផ្ដើមរវាង​ក្លឹបបាល់ទាត់ Flamengo និងក្រុម Botafogo ដែលត្រូវប្រកួត​ដណ្ដើម​ពានរង្វាន់ Carioca championship។ ជាមួយគ្នា​នោះដែរ​មន្ត្រីនៃក្លឹប Botafogo បានបង្ហាញពី​ក្ដីព្រួយបារម្ភ នៅមុនការ​ប្រកួតកើតឡើង​ទាក់ទិននឹង​បញ្ហាសន្តិសុខ ស្របពេល​មានការ​បង្ក្រាប​ដោយអាជ្ញាធរ​ប៉ូលិស​មួយចំនួន។ ក៏ប៉ុន្តែប៉ូលិសប្រេស៊ីល​បានច្រានចោល​ចំពោះ​ការលើក​ឡើងនេះ។

គួរបញ្ជាក់ថា ក្រុម Flamengo បានក្លាយជាម្ចាស់ពានរង្វាន់ Carioca championship បន្ទាប់ពីលុតក្រុម Botafogo ២ ទល់ ១៕