(​ម៉ានីល)៖ អតីត​ប្រធានាធិបតី​ហ្វីលីពីនពីឆ្នាំ (១៩៩២-​១៩៩៨) លោក ហ្វីឌែល រ៉ាម៉ូស (Fidel Ramos)​ បាននិយាយថា​ សង្រ្គាម​ប្រយុទ្ធប្រឆាំង​​គ្រឿងញៀន​​របស់​លោក រ៉ូឌ្រីហ្គោ ឌូតើតេ កំពុង​បង្កើន​​វប្បធម៌​និទណ្ឌភាព ខណៈប្រធានាធិបតី​ហ្វីលីពីន​បច្ចុប្បន្នរូបនេះបាន និង​កំពុងធ្វើការ​សម្រេចចិត្ត​ដោយ​អត្តនោម័ត​លើគោលនយោបាយ​ជាច្រើន។ នេះបើតាម​ការចេញ​ផ្សាយ​ដោយសារព័ត៌មាន Channel News Asia នៅរសៀលថ្ងៃចន្ទ ទី១៣ ខែកុម្ភៈ ឆ្នាំ២០១៧។​

លោក ហ្វីឌែល រ៉ាម៉ូស ​ធ្លាប់បានគាំទ្រ​យ៉ាងខ្លំាងដល់​លោក ឌូតើតេ នៅអំឡុង​នៃយុទ្ធនាការ​ឃោសនា​បោះឆ្នោត ក៏ប៉ុន្តែដោយ​សារតែសង្រ្គាម​គ្រឿងញៀន លោកបានក្លាយជា​មនុស្សម្នាក់ដែលរិះគន់ចំៗ​ថា​ ​លោក ឌូតើតេ បានសម្រេចចិត្ត​អត្តនោម័ត​ជាច្រើន ជាពិសេស​ពាក់ព័ន្ធនឹង​វិធានការ​សន្តិសុខតែម្ដង។ លោក រ៉ាម៉ូស នៅក្នុងបទសម្ភាសន៍​​ជាមួយស្ថានីយ៍​ទូរទស្សន៍ News Channel Rappler​ បានកត់​សម្គាល់ថា សង្រ្គាម​ប្រឆាំង​គ្រឿងញៀន​បច្ចុប្បន្ន កំពុងបង្កើន​វប្បធម៌​និទណ្ឌភាព ក៏ប៉ុន្តែ​លោក​មិនចង់ហៅ​ថាវប្បធម៌​និទណ្ឌភាព​នេះទេ​ព្រោះលោក​យល់ថា វាមិនទាន់យឺត​ពេលនៅ​ឡើយ​ក្នុងការកែប្រែ​ស្ថានភាព​ឡើងវិញ។

ដោយឡែក​ឆ្លើយតបនឹងសំណួរ​ជុំវិញបំណង​ប្រើប្រាស់យោធា​របស់លោក ឌូតើតេ លោក រ៉ាមូស លើកឡើងដូច្នេះថា « ប៉ូលិសនិងយោធាត្រូវបានបណ្ដុះ​បណ្ដាលដាច់​ដោយឡែក​ពីគ្នា ដូច្នេះការងារ​របស់​ប៉ូលិសវាខុសគ្នា​ពីប្រតិបត្តិ​យោធា។ ជាងនេះ​ទៅទៀតផ្អែកលើមូលដ្ឋានច្បាប់ អ្នកគួរតែទាញ​កំាភ្លើងបាញ់ ដើម្បីរារាំង​សកម្មភាព​ណាមួយ មិនមែនដើម្បីសម្លាប់មនុស្ស​នោះទេ»។ គួរបញ្ជាក់ថា​ក្នុងរយៈពេល​នៃសង្រ្គាមប្រឆាំង​គ្រឿងញៀន​ជាង៧ខែមកនេះ មនុស្ស​ប្រមាណ៧,៦០០នាក់​បានបាត់ជីវិត​ដែលនេះ​ជារបាយការណ៍របស់ ក្រុមអង្កេតការណ៍សិទ្ធិមនុស្សអន្តរជាតិ៕