(វ៉ាស៊ីនតោន)៖ ប្រជាជនទាំងអស់​ដែលរស់នៅក្រោម​ទំនប់វារីអគ្គិសនី ​ដ៏ខ្ពស់ជាងគេបំផុត​របស់​សហរដ្ឋអាមេរិក ដែលស្ថិត​នៅក្បែរ​ទីក្រុង Oroville ក្នុង​តំបន់​រដ្ឋកាលីហ្វរញ៉ា​ភាគខាងជើង ត្រូវបាន​បញ្ជាឲ្យ​នាំគ្នាធ្វើការ​ជម្លៀសខ្លួន​ចេញជា​បន្ទាន់ ខណៈពេល​ដែលផ្លូវបង្ហួរទឹក​របស់ទំបន់​នោះ ទំនងជា​នឹងបាក់ស្រុត​នៅពេលឆាប់ៗ​ខាងមុខ។ នេះបើ​តាមការចេញ​ផ្សាយដោយ​ទីភ្នាក់ងារ​ព័ត៌មាន Reuters នៅមុននេះ​បន្តិចនាព្រឹក​ថ្ងៃ​ចន្ទ ទី១៣ ខែកុម្ភៈ ឆ្នាំ២០១៧។

ការចេញបញ្ជា​ជម្លៀសខ្លួនយ៉ាង​តក់ក្រហល់​ខាងលើនេះ​ត្រូវបាន​ធ្វើឡើង ដោយសារ​តែអាជ្ញាធរ​នៅក្នុងតំបន់​មានភាពជឿជាក់​យ៉ាង​ប្រាកដ​ថា ផ្លូវបង្ហូរទឹក​នៅលើ​ទំនប់ Lake Oroville អាចនឹងរំលំ​នៅពេល​ឆាប់ៗ​ខាងមុខនេះ ហើយវា​នឹងបញ្ចេញ​ទឹក​ដ៏ច្រើនហូរហៀរ​ទៅកាន់​​សហគមន៍​នា​នា​ដែលស្ថិត​​នៅ​តាម​ដងទន្លេ Feather ខណៈចំនួន​ប្រជាជនដែល​ត្រូវភៀសខ្លួនចេញ​នោះ ពុំទាន់ត្រូវបាន​បញ្ជាក់ឲ្យជាក់ច្បាស់​​ឡើយ​។

គួរបញ្ជាក់ថា​ទំនប់វារីអគ្គិសនី Oroville ដែលមាន​កម្ពស់ដល់​ទៅ​២៣០ម៉ែត្រ និងត្រូវ​បានសាងសង់​ឡើងកាលពី​ចន្លោះឆ្នាំ១៩៦២​ និងឆ្នាំ១៩៦៨ គឺជា​ទំនប់ខ្ពស់​ជាងគេបង្អស់​នៅក្នុង​សហរដ្ឋអាមេរិក វាកំពុងស្ថិត​ក្នុងសភាពស្ទើរតែ​ជិតពេញ បន្ទាប់ពី​មានការធ្លាក់ភ្លៀងយ៉ាងខ្លាំងក្លា​នៅអំឡុងប៉ុន្មាន​​សប្តាហ៍ចុង​ក្រោយនេះ៕