(ប៊ែរឡាំង)៖ អតីតរដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់ លោក Frank-Walter Steinmeier បានជាប់ឆ្នោតក្លាយជាប្រមុខរដ្ឋថ្មី ​(ប្រធានាធិបតី​) របស់សាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់​ហើយ ខណៈដែលគ្រប់គ្នា​បានដឹងជាយូរ​ណាស់មក​ហើយថា អតីតអ្នក​ជំនាញ​ការទូត​រូបនេះ គឺមាន​នយោបាយ​ប្រឆាំងនឹង​ប្រធានាធិបតីអាមេរិក​ថ្មី លោក ដូណាល់ ត្រាំ តាំងតែ​ពីមុនលោក​ជាប់ឆ្នោត​មកម្ល៉េះ។ នេះបើតាម​ការដកស្រង់​ការផ្សាយពី​សារព័ត៌មាន Channel News Asia នាព្រឹកថ្ងៃ​ចន្ទ ទី១៣ ខែកុម្ភៈ ឆ្នាំ២០១៧។

លោក Frank មានវ័យ ៦១ឆ្នាំហើយ នឹងត្រូវឡើងកាន់តំណែងជាផ្លូវការក្នុងនាមជាប្រមុខរដ្ឋអាល្លឺម៉ង់​ដើម្បីដើរតួនាទី​សម្រប​សម្រួលដោះស្រាយបញ្ហាជាតិធំៗ ហើយលោកក៏នឹងធ្វើជាអ្នកសេដ្ឋកិច្ចកំពូល​របស់សហភាពអឺរ៉ុបផងដែរ ខណៈដែល​លោក​មាន​ភាពល្បីល្បាញជាងគេស្រាប់ទៅហើយ ក្នុងជួរនយោបាយ​របស់សាធារណរដ្ឋ​សហព័ន្ធអាល្លឺម៉ង់​ទាំងមូល។ លោក​ក៏បានបង្កការ​ព្រួយបារម្ភ​ផងដែរ​ពីសំណាក់​​ប្រទេស​អឺរ៉ុបជាច្រើន ដោយសារ​តែគោលជំហរ​ទន់ភ្លន់របស់​លោកចំពោះ​​ប្រធានាធិបតី​រុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន។

គួរបញ្ជាក់តាម​អ្នកវិភាគនយោបាយអាល្លឺម៉ង់ថា ការឡើងកាន់តំណែងជាប្រធានាធិបតីរបស់លោក Frank គឺជាជោគជ័យ​ធំមួយ​របស់គណបក្សសង្គមប្រជាធិបតេយ្យ (SPD) ដោយសារតែវាជាការត្រួសត្រាយផ្លូវ​សម្រាប់លោក Martin Schulz អតីត​ប្រធាន​សភា​សហភាពអឺរ៉ុប ដែលបច្ចុប្បន្នជាបេក្ខជនអធិការបតី របស់គណបក្ស SPD ត្រៀមធ្វើការប្រកួតប្រជែង​ជាមួយ​អធិការបតី​បច្ចុប្បន្នលោកស្រី អេនជេឡា មើគែល (ប្រធានគណនាយករដ្ឋមន្ត្រី) នៅក្នុងការបោះឆ្នោត​ជាតិនា​ខែកញ្ញា​​ខាងមុខនេះ៕