(វ៉ាស៊ីនតោន)៖ ភ្លើងឆេះព្រៃយ៉ាង​សន្ធោសន្ធៅ​បានរីករាលដាលឡើង​នៅក្នុងរដ្ឋ​អូក្លាហូម៉ា (Oklahoma) សហរដ្ឋអាមេរិក ដែល​​ផ្ទៃ​ដី​រាប់​រយ​ហិកតាកំពុងរងការបំផ្លិចបំផ្លាញ និងមនុស្សជាច្រើន​នាក់​បង្ខំចិត្ត​ជម្លៀស​ខ្លួន​ចេញពីលំនៅឋាន​របស់ពួកគេ។ នេះ​បើ​តាម​​ការ​​ចេញ​ផ្សាយ​​ដោយ​​ទីភ្នាក់ងារ​ព័ត៌មានចិន ស៊ិនហួរ នៅមុននេះ​បន្តិច​នាព្រឹក​​ថ្ងៃចន្ទ​ ទី១៣ ខែកុម្ភៈ ឆ្នាំ២០១៧។

ហេតុការណ៍ភ្លើងឆេះព្រៃ​ខាងលើបានកើតឡើង​នៅទីក្រុង​មួយ ដែលស្ថិត​នៅភាគ​អាគ្នេយ៍​នៃរដ្ឋអូក្លាហូម៉ា រីឯដើមហេតុ​នៃអគ្គិភ័យ​នេះ​​ នៅតែពុំទាន់​ត្រូវបាន​អាជ្ញាធរ​អាមេរិក​ដឹងច្បាស់​នៅឡើយ​ទេ ខណៈឧទ្ធម្ភាគចក្រ​ជាច្រើន​គ្រឿង​កំពុងព្យាយាម​ទប់ស្កាត់ កា​រ​រីក​រាល​ដាល​​កាន់​តែ​ខ្លាំង​​ឡើង​នៃភ្លើងឆេះព្រៃ​នេះ ដោយធ្វើការ​ទម្លាក់ទឹក​ពីលើអាកាស ហើយក្រុមពន្លត់អគ្គិភ័យ ជាច្រើននាក់ក៏កំពុងតែខិតខំ​ប្រឹងប្រែង​​យ៉ាង​សស្រាក់​សស្រាំ​បំផុតក្នុងពន្លត់អគ្គិភ័យ​នៅលើដីផ្ទាល់​ផងដែរ។

គួរបញ្ជាក់ថាមកទល់ពេលនេះភ្លើងឆេះនេះ​បានដុតបំផ្លាញផ្ទៃដី​ប្រហែល ៣៥៥ហិកតាហើយរួមជា​មួយ​និង​មនុស្សរាប់រាយនាក់​ត្រូវបាន​ជម្លៀសខ្លួន​ដើម្បីបង្ការ​គ្រោះថ្នាក់​ដែលអាច​កើតមាន​ឡើង។ ដោយ​ឡែក​រដ្ឋ​អូក្លាហូម៉ា​​វិញ ត្រូវបាន​ដាក់​ឲ្យស្ថិត​នៅក្រោម​ការប្រកាស​​អាសន្ន​របស់​ទីភ្នាក់ងារ​ទប់ស្កាត់អគ្គីភ័យ​ជាតិ​រហូតដល់​ឆ្នាំទី១៤ ខែកុម្ភៈនេះ ដោយសារ​តែហានិភ័យ​នៃភ្លើងឆេះព្រៃ​នៅតែមាន​កម្រិត​ខ្ពស់ខ្លាំង​​ដដែល៕