(លីម៉ា)៖ ប្រធានាធិបតី​ប៉េរូ​បច្ចុប្បន្ន លោក Pedro Pablo Kuczynski នៅក្នុងកិច្ចសន្ទនា​តាមទូរស័ព្ទ នៅថ្ងៃអាទិត្យ​បានស្នើឱ្យ​លោក ដូណាល់ ត្រាំ បញ្ជូនឬក៏ធ្វើបត្យាប័ន​អតីត​ប្រធានាធិបតី​ប៉េរូ លោក Alejandro Toledo ដែលកំពុង​ជាប់ដីកាចាប់ខ្លួនពី​បទពុករលួយមកកាន់​ទីក្រុងលីម៉ាវិញ ដើម្បីទទួល​ការ​កាត់ក្ដី​តាមផ្លូវច្បាប់ ប៉ុន្តែលោកមិន​បានបញ្ជាក់​ឡើយ ពី​ចម្លើយ​របស់​ប្រធានាធិបតី​អាមេរិក។ នេះបើ​តាម​ការចេញផ្សាយ​ដោយ​សារព័ត៌មាន Channel News Asia​ នៅព្រឹកថ្ងៃចន្ទ ទី១៣ ខែកុម្ភៈ ឆ្នាំ២០១៧។

យោងតាម​រដ្ឋាភិបាល​របស់​លោក Kuczynski លោក Toledo កំពុងស្ថិតនៅ​ក្នុងសហរដ្ឋ​អាមេរិក ក៏ប៉ុន្តែកិច្ចខិតខំ​ប្រឹងប្រែង​ចាប់ខ្លួនរូប​លោក​កំពុងជួបឧបសគ្គ​ផ្នែកផ្លូវច្បាប់។ បន្ថែមពី​លើនេះ​អាជ្ញាធរ​ប៉េរូ ក៏បានបញ្ជាក់ដែរ​ថា ខាងភាគីអាជ្ញាធរ​អាមេរិកបានផ្ដល់​ដំណឹងមក​ថា ពួកគេមិនមាន​គំរោងឃាត់ខ្លួន​លោក Toledo នោះទេ ខណៈ​អតីតប្រធានាធិបតី​រូបនេះ ត្រូវបាន​គេរាយការណ៍​ថា បានកក់​សំបុត្រយន្ដហោះ​ត្រៀមធ្វើដំណើរពី​រដ្ឋ​កាលីហ្វញ៉ា ឆ្ពោះទៅកាន់​ប្រទេស​អ៊ីស្រាអែល នាពេល​ដ៏ខ្លី​ខាងមុខ​នេះ ស្របពេល​ប៉ូលិសអន្តរជាតិអំាងទែប៉ូល បានចេញ​សញ្ញា​ប្រកាសអាសន្ន​ពណ៌ក្រហម​ដល់ប្រទេស​សមាជិកទាំង១៩០ ជួយតាមរក​លោក Toledo។   

គួរបញ្ជាក់ថាអាជ្ញាធរប៉េរូបានសម្រេចចិត្ត​ផ្ដល់ប្រាក់រង្វាន់​ប្រមាណ៣០,០០០ដុល្លារអាមេរិក​សម្រាប់​ព័ត៌មាន ទាំងឡាយណា ដែលនាំទៅរក​ការចាប់ខ្លួន​អតីត​ប្រធានាធិបតី​ប៉េរូ លោក Alejandro Toledo។ លោក Toledo ធ្លាប់កាន់តំណែង​ជា​ប្រធានាធិបតីប៉េរូ ពីឆ្នាំ២០០១ ដល់ឆ្នាំ២០០៦ ត្រូវបានគេចោទ​ប្រកាន់ថា មានជាប់ពាក់ព័ន្ធ​នឹងអំពើពុករលួយ​ក្នុងទឹកប្រាក់ជាង​២០លានដុល្លារ ទាក់ទិននឹង​គំរោងសាងសង់ផ្លូវ Highway តភ្ជាប់ពី​ប្រទេសប៉េរូ ទៅកាន់ប្រទេស​ប្រេស៊ីល​ ក្រោមការដឹកនាំគំរោងដោយ​ក្រុមហ៊ុន Odebrecht និងក្រុមសំណង់​ប្រេស៊ីល​មួយចំនួន៕