(វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិក ជប៉ុន និងកូរ៉េខាងត្បូងបានស្នើឱ្យ​បើក​កិច្ចប្រជុំ​ជាបន្ទាន់មួយ​នៃក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ (​UN) ហើយ​ដែល សំណើរ​នេះធ្វើឡើង​ភ្លាមៗ​បន្ទាប់ពី​កូរ៉េខាងជើងបាន​អះអាងពី​ជោគជ័យ​នៃការបាញ់​សាកល្បង​មីស៊ីល​ផ្លោង​ រយៈចំងាយ​មធ្យម​កាលពី​ថ្ងៃអាទិត្យ។ នេះបើតាម​ការចេញផ្សាយ​​ដោយ​​សារព័ត៌មាន Channel News Asia​ នៅព្រឹកថ្ងៃចន្ទ ទី១៣ ខែកុម្ភៈ ឆ្នាំ២០១៧។

ការបាញ់​សាកល្បងមីស៊ីល​ផ្លោង​របស់ទីក្រុង​ព្យុងយ៉ាង ត្រូវបានក្រុម​អ្នកជំនាញមើលឃើញថា​ ជាការធ្វើ​តេស្ដ​​ប្រតិកម្ម​របស់លោក​ ដូណាល់ ត្រាំ ដែលអាចនឹងស្នើ​ការគាំទ្រ​ពីចិន​ដើម្បីដាក់​សម្ពាធលើ​កូរ៉េខាងជើង ត្បិតកាល​ពី​ពេលថ្មីៗ​នេះ​សហរដ្ឋអាមេរិក និងចិន ហាក់ដូចជា​មានទំនាក់ទំនងល្អ​គ្រាន់បើ​ឡើងវិញ ក្រោយពេល​មានកិច្ចសន្ទនា​តាមទូរស័ព្ទ​រវាងលោក ត្រាំ និងប្រធានាធិបតី​ចិន​លោក ស៊ី ជីនពីង តាមរយៈ​ការទទួលស្គាល់​គោលនយោបាយ​ចិនតែមួយ។

អ្នកតាមដានខ្លះបាន​លើកឡើងទៀតថា​ទីក្រុងព្យុងយ៉ាង ទំនងជា​កំពុងយកការ​សាកល្បងមីស៊ីល​នេះ​ ស្ទាបស្ទង់​មើលពី​គោលជំហរ​របស់​ទីក្រុង​ប៉េកាំង​ចំពោះខ្លួន។ ដោយឡែក​ជុំវិញបញ្ហានេះ​ដែរ​ក្រុមមន្ត្រី UN បានឱ្យដឹងថា សហរដ្ឋអាមេរិក ជប៉ុន និងកូរ៉េខាងត្បូងបានដាក់​សំណើកោះប្រជុំ​ក្រុមប្រឹក្សា​សន្តិសុខ​ជាបន្ទាន់ ពាក់ព័ន្ធនឹង​ការបាញ់សាកល្បង​មីស៊ីល​ផ្លោង រយៈចំងាយ​មធ្យម​ពីសំណាក់​កូរ៉េខាងជើង ​កាលពីថ្ងៃអាទិត្យ​ម្សិលមិញ ភ្លាមៗបន្ទាប់ពីដឹងថាកូរ៉េខាងជើងធ្វើតេស្តគ្រាប់មីស៊ីល។

គួររំលឹកថា​កាលពីថ្ងៃអាទិត្យ កូរ៉េខាងត្បូងចាប់បានសញ្ញា​ថា កូរ៉េខាងជើង​បានដឹកនាំ​ការបាញ់សាកល្បង​មីស៊ីលមួយគ្រាប់​នៅម៉ោង​ប្រមាណជា ៧៖៥៥នាទី ព្រឹក (ម៉ោងនៅក្នុង​ទីក្រុងសេអ៊ូល) ចេញពី​មូលដ្ឋានទ័ព​អាកាស Panghyon នៃខេត្ត Pyongan ខាងជើង។ គ្រាប់មីស៊ីល​នេះ​អាចហោះលើ​អាកាសក្នុងរយៈកំពស់​៥៥០គីឡូម៉ែត្រ និងរត់បាន​ចំងាយ ៥០០គីឡូម៉ែត្រទៅធ្លាក់​ចូលក្នុង​​សមុទ្រជប៉ុន៕