(សេអ៊ូល)​៖ កូរ៉េខាងជើងបានអះអាងជា​ផ្លូវការពី «ជោគជ័យ​នៃការបាញ់​សាកល្បង​មីស៊ីលផ្លោងប្រភេទថ្មី» ​រយៈចំងាយមធ្យម ដែលមានសមត្ថភាព​បំពាក់ក្បាល​គ្រាប់​នុយក្លេអ៊ែរ ដែលធ្វើឡើង​កាលពីថ្ងៃអាទិត្យ។ នេះបើតាម​សារព័ត៌មាន​កូរ៉េខាងជើង KCNA ដកស្រង់​ដោយទីភ្នាក់ងារ​សារព័ត៌មាន​យ៉ុនហាប់ នៅព្រឹកថ្ងៃចន្ទ ទី១៣ ខែកុម្ភៈ ឆ្នាំ២០១៧។

យោងតាម KCNA​ ទីក្រុងព្យុងយ៉ាង​បានបាញ់សាកល្បង​ប្រកបដោយជោគជ័យប្រព័ន្ធអាវុធ​​យុទ្ធសាស្ត្រ​មីស៊ីល Pukguksong-2​ អាចមាន​សមត្ថភាព​បំពាក់​ក្បាលគ្រាប់​​នុយក្លេអ៊ែរ ដែលនេះ​​ក៏បង្ហាញផងដែរ​ពីការចំរើន​​ទៅមុខនៃកម្មវិធីមីស៊ីល​របស់​កូរ៉េ​ខាងជើង។ KCNA​ បាន​រាយការណ៍​ដូច្នេះថា «ការបាញ់​សាកល្បង​​មីស៊ីលរយៈចំងាយ​មធ្យម Pukguksong-2 ត្រូវបានធ្វើ​ឡើងប្រកប​ដោយ​ជោគជ័យ ហើយវានឹងក្លាយ​ជាអាវុធយុទ្ធសាស្ត្រ​ថ្មីមួយទៀត​របស់យើង»

គួររំលឹកថា​កាលពី​ថ្ងៃអាទិត្យ កូរ៉េខាងត្បូង​ចាប់បានសញ្ញាណ​ថា កូរ៉េខាងជើងបានដឹកនាំ​ការបាញ់​សាកល្បង​មីស៊ីល​មួយគ្រាប់​នៅម៉ោង​ប្រមាណ ៧៖៥៥នាទីព្រឹក (ម៉ោងនៅក្នុង​ទីក្រុងសេអ៊ូល) ចេញពីមូលដ្ឋាន​ទ័ពអាកាស Panghyon នៃខេត្ត Pyongan ខាងជើង។ គ្រាប់មីស៊ីលនេះអាចហោះលើ​អាកាស​ក្នុងរយៈកំពស់៥៥០គីឡូម៉ែត្រ និងរត់បាន​ចំងាយ ៥០០គីឡូម៉ែត្រទៅធ្លាក់ចូល​ក្នុងសមុទ្រជប៉ុន៕