(មូស្គូ)៖ ប្រភពពី​ទីភ្នាក់ចារកម្មអាមេរិក​បានឱ្យដឹងថា រុស្ស៊ីគ្រោងនឹង​បញ្ជូន ឬធ្វើបត្យាប័ន​អតីត​មន្ត្រី​ទីភ្នាក់ងារ​​ស៊ើបការណ៍​​សម្ងាត់​អាមេរិក លោក  Edward Snowden មកកាន់​ទីក្រុង​វ៉ាស៊ីនតោន ដើម្បីទុកជា «អំណោយ» សម្រាប់​ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ ប៉ុន្តែព្រមពេលជាមួយគ្នា មេធាវី​របស់​​បុរស​វ័យ​៣៣ឆ្នាំ​រូបនេះ​បានអះអាងថា​ព័ត៌មាននេះ គ្រាន់តែជា​ការសន្និដ្ឋាន​គ្មានមូលដ្ឋាន​តែប៉ុណ្ណោះ។ នេះបើ​តាមការ​ចេញផ្សាយ​ដោយ​ទីភ្នាក់ងារ​​សារព័ត៌មានចិន ស៊ិនហួរ នៅព្រឹកថ្ងៃច័ន្ទ ទី១៣ ខែកុម្ភៈ ឆ្នាំ២០១៧។

ថ្លែងនៅ​ក្នុងបទសម្ភាសន៍​ជាមួយទីភ្នាក់ងារ​សារព័ត៌មាន​រុស្ស៊ី TASS លោក​មេធាវី Anatoly Kucherena បានគូសបញ្ជាក់ថា «ខ្ញុំយល់ថាមិនមានហេតុផលណា មួយក្នុងការធ្វើបត្យាប័នលោក Snowden នោះទេ។ ព័ត៌មាននេះគ្រាន់តែជា​ការសន្និដ្ឋានចេញពីទីភ្នាក់ងារចារកម្មអាមេរិកប៉ុណ្ណោះ ហើយម្យ៉ាងវិញទៀត លោក Snowden បច្ចុប្បន្នជាអ្នក​រស់នៅ​ស្របច្បាប់​មួយរូប ដែលត្រូវ​បានការពារ​ដោយច្បាប់រុស្ស៊ី ពោលបើ​និយាយឱ្យចំ​ទីក្រុងមូស្គូ មិនបានធ្វើ​ពាណិជ្ជកម្មលើមនុស្ស​ណាម្នាក់នោះទេ»

គួររំលឹកថា​កាលពីថ្ងៃសុក្រ​កន្លងទៅ ស្ថានីយ៍​ទូរទស្សន៍​អាមេរិក NBC News​ បានរាយការណ៍​ថា ផ្អែកលើប្រភព​ដែលទទួល​បានពីទីភ្នាក់ងារ​ចារកម្មអាមេរិក រុស្ស៊ីអាចនឹង​ធ្វើបត្យាប័នអតីត​ទីភ្នាក់ងារ​ស៊ើបការ​សម្ងាត់​អាមេរិក NSA (National Security Agency)​ លោក Edward Snowden មកកាន់​​ទីក្រុង​វ៉ាស៊ីនតោនវិញ ដើម្បីស្ដារ​ទំនាក់ទំនងល្អ​ជាមួយប្រធានាធិបតី​អាមេរិក​លោក ដូណាល់​ ត្រាំ ដែលធ្លាប់​ចាត់ទុក​រូបលោក​ថាជា «ជនក្បត់» និងជាទីភ្នាក់ងារចារកម្មម្នាក់ ដែលគួរតែត្រូវកាត់ទោស​ប្រហារជីវិត។

លោក Snowden បាន និងកំពុងរស់នៅជ្រកកោនក្នុងប្រទេសរុស្ស៊ី ចាប់តាំងពីឆ្នាំ២០១៣មកម្ល៉េះ បន្ទាប់ពីលោក​បានទម្លាយឯកសារ​សម្ងាត់របស់រដ្ឋជាសារធារណៈ៕