(តូក្យូ)៖ បន្ទាប់ពីជប៉ុន ចេញមុខថ្កោលទោសយ៉ាងខ្លាំង ចំពោះការបាញ់សាល្បងមីស៊ីលផ្លោង ពីសំណាក់កូរ៉េខាងជើង នៅព្រឹកថ្ងៃអាទិត្យនេះ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានអះអាងថាទីក្រុង វ៉ាស៊ីនតោន នឹងឈរនៅពីក្រោយគ្រាំទ្រទីក្រុងតូក្យូ ១០០ភាគរយ ប្រឈមនឹងការគំរាមគំហែងពីរបបដឹកនាំទីក្រុងព្យុងយ៉ាង ខណៈនាយករដ្ឋមន្ត្រីជប៉ុន លោក សិន ហ្សូអាបេ បាននិយាយថា លោកនឹងមិនអត់ឱន ឡើយចំពោះការបាញ់សាកល្បងមីស៊ីលនេះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មានជប៉ុន NHK នៅថ្ងៃអាទិត្យ ទី១២ ខែកុម្ភៈ ឆ្នាំ២០១៧។

កូរ៉េខាងជើង បានបាញ់សាកល្បងមីស៊ីលផ្លោងមួយគ្រាប់ កាលពីម៉ោង ៧៖៥៥នាទីព្រឹក (ម៉ោងនៅក្នុងតំបន់) ចេញពីតំបន់ Panghyon ឆ្ពោះទៅ កាន់សមុទ្រខាងកើត ឬសមុទ្រជប៉ុន ហើយដែលនេះគឺជាលើកដំបូងបំផុតគិតចាប់តាំពីលោក ដូណាល់ ត្រាំ ស្បថកាន់តំណែងជាប្រធានាធិបតី អាមេរិក។ ក៏ប៉ុន្តែភ្លាមៗនោះដែរ គ្រាប់មីស៊ីលនេះ ពុំទាន់ត្រូវបានគេកំណត់ថា ជាមីស៊ីលប្រភេទអ្វីឱ្យប្រាកដនៅឡើយទេ គ្រាន់តែគេដឹងថាវាបានហោះ លើអាកាសក្នុងចំងាយប្រមាណជា ៥០០គីឡូម៉ែត្រ។

គួរជំរាបជូនថា មុននឹងមានសេចក្ដីរាយ ការណ៍ពីព័ត៌មាននេះ ក្រុមអ្នកវិភាគកូរ៉េខាងត្បូង ធ្លាប់បានអះអាងថា ទីក្រុងព្យុងយ៉ាង ទំនងជាកំពុងរៀបចំ ការបាញ់សាកល្បងមីស៊ីលផ្លោងអន្តរទ្វីប ICBM ដើម្បីទុកសម្រាប់អបអរសារទរ ខួបកំណើតលើកទី៧៥ នៃអតីតមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ីល នៅថ្ងៃទី១៦ ខែកុម្ភៈ ខាងមុខនេះ។ ដោយឡែក ការបាញ់សាកល្បង នៅថ្ងៃអាទិត្យ នេះទៀតសោត វាត្រូវគ្នានឹងថ្ងៃ ដែលកូរ៉េខាងជើងបាញ់ សាកល្បងអាវុធនុយក្លេអ៊ែរលើកទី៣ កាលពីឆ្នាំ២០១៣៕