(វ៉ាស៊ីនតោន)៖ សមាជិកមួយរូប​នៃគណកម្មការ​រៀបចំ​ការបោះឆ្នោត​សហព័ន្ធ​អាមេរិក បានស្នើ​ដល់​ប្រធានាធិបតី​លោក ដូណាល់ ត្រាំ បង្ហាញ​ពី​ភស្តុតា​ងដែលរូបលោក​មានទាំងឡាយណា​ ដែលអាចបញ្ជាក់​ក៏ដូចជាគាំទ្រ​ការលើកឡើងដែលថា​ ការបន្លំ​សន្លឹកឆ្នោត​បានធ្វើឲ្យ​លោករួមទាំង​អ្នកតំណាង​រាស្រ្ត​លោកស្រី Kelly Ayotte ទទួលបរាជ័យ​នៅរដ្ឋ New Hampshire ក្នុងការបោះ​ឆ្នោតជ្រើសរើស​​ប្រធានាធិបតី​​កាល​ពី​ឆ្នាំ​២០១៦​កន្លងទៅ​។ នេះបើតាម​ការចេញផ្សាយ​ដោយ​សារព័ត៌មាន Channel News Asia នៅរសៀល​ថ្ងៃសៅរ៍ ទី១១ ខែកុម្ភៈ ឆ្នាំ២០១៧។

លោក ដូណាល់ ត្រាំ បានបន្ទោសថា​ការក្លែងបន្លំសន្លឹក​ឆ្នោតគឺជាហេតុ​បានបណ្តាល​រូបលោក​និងលោកស្រី Ayotte ទទួលបរាជ័យ​នៅ​រដ្ឋ​ New Hampshire ក្នុងការបោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​កាលពីខែវិច្ឆិកា ឆ្នាំ២០១៦កន្លង​ទៅនេះ ខណៈពេលដែល​កំពុងពិភាក្សា​គ្នា​ជាមួយក្រុម​សមាជិក​សភានៃគណបក្ស​មកពីគណបក្ស​ទាំងពីរ (ប្រជាធិបតេយ្យ និងសាធារណរដ្ឋ) ដោយ​បាន​លើក​ឡើង​ថា​​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​​ក្នុង​ការ​ព្យា​​យាម​​ធ្វើ​ឲ្យ​លោក​ស្រី Ayotte ​ជាប់ឆ្នោតវិញ​នោះ ត្រូវបានរារាំង​ដោយមនុស្ស​ជាច្រើន​ពាន់នាក់ មកពីរដ្ឋ Massachusetts ដែល​នៅក្បែរ​មកធ្វើការបោះឆ្នោត​នៅរដ្ឋ New Hampshire។

ជាការឆ្លើយតប​លោក Ellen Weintraub ដែលត្រូវបាន​តែងតាំងទៅក្នុងគណកម្មការ​រៀបចំការបោះឆ្នោត​សហព័ន្ធដោយ​អតីត​ប្រ​ធា​នា​ធិប​តី​​អា​មេ​រិក​លោក George W. Bush បានស្នើឲ្យ​លោក ដូណាល់ ត្រាំ ធ្វើការចែក​រំលែកភ្លាមៗ​នូវភស្តុតាងរបស់​លោក ជាមួយសាធារណជនព្រមទាំង​អាជ្ញាធរអនុវត្តន៍​ច្បាប់ដទៃ​ទៀត​ដើម្បីអនុញ្ញាតឲ្យ​ការចោទប្រកាន់​របស់លោក ​ត្រូវបានស៊ើប​អង្កេតយ៉ាង​ឆាប់រហ័ស​និង​ដិតដល់។

គួរបញ្ជាក់ថា​អតីតបេក្ខភាព​ប្រធានាធិបតី​អាមេរិកមកពី​គណបក្សប្រជាធិបតេយ្យលោកស្រី ហ៊ីលឡារី គ្លីនតុន បានទទួលជ័យ​ជម្នះ​នៅក្នុង​រដ្ឋ New Hampshire ដោយប្រផិត​ប្រផើយ​បំផុតជាមួយសំឡេង​ឆ្នោតជិត​៣,០០០សំឡេងលើស​លោក ដូណាល់ ត្រាំ ខណៈលោក​ស្រី Kelly Ayotte ជាអ្នកតំណាងរាស្រ្ត​ដែលមកពីគណបក្ស​សាធារណរដ្ឋដូចលោក ត្រាំ ដែរនោះ បានចាញ់ជា​មួយនិង​សំឡេងឆ្នោត៧៣៤សំឡេង​​តិចជាង​លោកស្រី Maggie Hassan ជាអ្នក​តំណាងរាស្រ្ត​មកពីបក្ស​ប្រជាធិបតេយ្យ។

គួររំលឹកដែរថាកាលពីថ្ងៃសៅរ៍​សប្តាហ៍មុន​លោក ត្រាំ បាននិយាយថា​នឹងប្រគល់​គណកម្មការ​ពិសេសមួយ​ទើបត្រូវបាន​បង្កើតថ្មីទៅ​​ឲ្យ​លោក Mike Pence ដែលជា​អនុ​ប្រធានាធិបតី ដឹកនាំដើម្បី​ធ្វើការស៊ើបអង្កេត​លើការបន្លំសន្លឹក​ឆ្នោត ទោះបីជា​ការសិក្សា​ស្រាវជ្រាវ​ជាច្រើនបាន​បង្ហាញថា​ការបន្លំសន្លឹក​គឺជារឿងកម្រ​កើតមានឡើងជាទីបំផុត​នៅក្នុង​សហរដ្ឋអាមេរិកក៏ដោយ៕