(ប៉េកាំង)៖ ដោយរួមបញ្ចូល​ទាំងការសម្តែង​ភាពមិនពេញចិត្ត​ក៏ដូចជារិះគន់​ខ្លាំង​ និងការធ្វើ​ការទូត​ក្រៅឆាក​ទៀតនោះ ប្រទេសចិន​ទំនងជាបាន​​នាំមុខចំនួន​មួយពិន្ទុ​ហើយ នៅក្នុងការ​ប្រកួតប្រជែង​គ្នា​ជាមួយ​សហរដ្ឋអាមេរិក បន្ទាប់ពី​ប្រធាធិបតី​នៃប្រទេសទាំងពីរ​ បានធ្វើការ​សន្ទនា​ជាមួយគ្នា​​លើកដំបូង​បំផុត ហើយលោក ដូណាល់ ត្រាំ បានថ្លែង​បញ្ជាក់ប្រាប់​លោក ស៊ី ជីនពីង ដោយផ្ទាល់មាត់​ថា​ រដ្ឋាភិបាល​វ៉ាស៊ីនតោន​នឹងគោរព​​តាម «គោលនយោបាយ​ចិនតែមួយ» ដែលសំខាន់​បំផុតចំពោះ​រដ្ឋាភិបាល​ទីក្រុងប៉េកាំង។ នេះបើតាម​ការចេញផ្សាយ​ដោយ​សារព័ត៌មាន Channel News Asia ដកស្រង់ចេញ​ពីសារព័ត៌មានចិន នៅមុននេះ​បន្តិចនារសៀល​ថ្ងៃសៅរ៍ ទី១១ ខែកុម្ភៈ​ ឆ្នាំ២០១៧។

​នៅមុនពេល​ស្បថឡើងកាន់តំណែងជាផ្លូវការ​ប្រធានាធិបតី​អាមេរិក​លោក ដូណាល់ ត្រាំ បានធ្វើ​ឲ្យ​ទីក្រុងប៉េកាំង​មានការមិន​ពេញ​ចិត្ត​ជា​ខ្លាំង​ ដោយសារ​ការសន្ទនាទូរស័ព្ទ​ជាមួយប្រធានាធិបតី​តៃវ៉ាន់​លោកស្រី ត្សៃ អ៊ីងវិន ហើយក្រោយ​មកទៀតបាន​ជះមន្ទិលសង្ស័យ​​ទៅ​លើ​ «នយោ​បាយ​ចិនតែមួយ» ដែលនៅក្នុងនោះ​រដ្ឋាភិបាល​ទីក្រុងវ៉ាស៊ីន​ទទួលស្គាល់​គោលជំហរ​របស់ចិនថា នៅលើពិភពលោក​នេះមាន​ចិន​តែ​មួយ​ទេ​​ហើយកោះតៃវ៉ាន់​គឺគ្រាន់តែ​ជាផ្នែកមួយ​របស់ចិន​ប៉ុណ្ណោះ។ ប៉ុន្តែលោក ត្រាំ បានផ្លាស់ប្តូរ​ចិត្តវិញ​និងបានយល់ព្រម​ក្នុងការ​គោរពតាម «គោល​នយោបាយ​ចិនតែមួយ» ដែលកំពុង​ធ្វើឲ្យមាន​ការពេញចិត្តពេញថ្លើម​យ៉ាងខ្លាំងនៅក្នុង​ប្រទេសចិន។

គួរបញ្ជាក់ថា​ទោះជាបែបនេះ​ក្តីបញ្ហាខ្វែងគំនិតគ្នា​មួយចំនួនទៀត​ រវាងមហាអំណាច​ពិភពលោក​ទាំងពីររួម​មាន រូបិយប័ណ្ណ ការធ្វើពាណិជ្ជ​កម្ម តំបន់សមុទ្រចិនខាងត្បូង និងកូរ៉េខាងជើងពុំត្រូវបាន​លើកឡើង​នៅក្នុងសេចក្តី​ថ្លែងការណ៍​សាធារណៈ​ ស្តីពីកិច្ចសន្ទនាតាម​ប្រព័ន្ធទូរស័ព្ទ​​រវាង​លោក ដូណាល់ ត្រាំ និងលោក ស៊ី ជីនពីង នាថ្ងៃព្រហស្បតិ៍សប្តាហ៍នេះឡើយ៕ ​