(សេអ៊ូល)៖ រដ្ឋមន្ត្រីការបរទេសកូរ៉េខាងត្បូងលោក Yun Byung Se នឹងបំពេញទស្សនកិច្ចនៅប្រទេស​តំបន់អឺរ៉ុប ដើម្បីចូលរួម​កិច្ចប្រជុំ G-20 ពីថ្ងៃទី១៦-១៧ ខែកុម្ភៈខាងមុខនេះ ហើយក្រៅតែពីវេទិកាសេដ្ឋកិច្ច​នោះ លោកនឹងឆ្លៀតឱកាសក្នុងនាម​រដ្ឋាភិបាលកូរ៉េខាងត្បូង ស្នើដល់សហភាពអឺរ៉ុបទាំងមូលតែម្តង​នៅក្នុង​វេទិកាសន្តិសុខទីក្រុង Munich លើកទី៥៣ ពីថ្ងៃទី១៧-១៩ ខែកុម្ភៈ ​ឲ្យដាក់​សម្ពាធបន្ថែម​ទៅលើ​ប្រទេសកូរ៉េខាងជើង ដើម្បីឲ្យបោះបង់​ចោលកម្មវិធី​នុយក្លេអ៊ែរ-មីស៊ីល ដែលកំពុង​បង្កអសន្តិសុខ​ខ្លាំងនៅក្នុង​តំបន់។ នេះបើតាម​ការចេញផ្សាយដោយ​ទីភ្នាក់ងារ​ព័ត៌មាន​កូរ៉េខាងត្បូង យ៉ុនហាប់ នារសៀល​ថ្ងៃសៅរ៍ ទី១១ ខែកុម្ភៈ ឆ្នាំ២០១៧។

គួរបញ្ជាក់ថាកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិកក៏ទើបតែបានពិភាក្សាគ្នារួចផងដែរកាលពីសប្តាហ៍មុន​​នៅក្នុងដំណើរ​ទស្សនកិច្ចរបស់រដ្ឋមន្ត្រីការពារជាតិអាមេរិកថ្មី លោក ជីម ម៉ាតទីស ស្តីពី​វិធានការ​ទប់ទល់​នឹងកូរ៉េខាងជើង ដូចជាការដាក់​ពង្រាយប្រព័ន្ធ THAAD ជាដើម ដែលអាមេរិក​ធានា​រ៉ាប់រងចំពោះការការពារ​សន្តិសុខ​របស់សម្ព័ន្ធមិត្ត ​នៅតំបន់អាស៊ីបូព៌ា​មួយនេះយ៉ាងដាច់ខាត។ សម្រាប់​គោលដៅ​នៃការ​ធ្វើដំណើរទៅកាន់សហភាពអឺរ៉ុប​នេះ គឺទំនងជាទីក្រុងសេអ៊ូលធ្វើ​ការស្នើឲ្យ​សហភាពអឺរ៉ុបកៀប​សង្កត់កូរ៉េខាងជើង តាមរយៈពាណិជ្ជកម្ម និងការទូត​ផងដែរ៕