(សេអ៊ូល)៖ មន្រ្តីរដ្ឋាភិបាលទីក្រុងសេអ៊ូល​បានឲ្យដឹងនៅថ្ងៃសៅរ៍នេះ​ថា ចិនបាន​បណ្តេញ​អ្នកផ្សព្វផ្សាយ​សាសនា​គ្រិស្ត​កូរ៉េខាង​ត្បូង​​ចំនួន​៣២នាក់​ចេញពីប្រទេស នៅចំពោះ​មុខភាព​តានតឹង​ការទូត​រវាងប្រទេស​ទាំងពីរ ជុំវិញគំរោង​នៃការដាក់ពង្រាយ​ប្រព័ន្ធខែល​ការពារ​មីស៊ីល​របស់អាមេរិក​នៅលើទឹកដី​កូរ៉េខាងត្បូង។ នេះបើតាម​ការចេញផ្សាយ​ដោយ​សារព័ត៌មាន ​Channel News Asia នៅមុននេះ​បន្តិចនា​រសៀល​ថ្ងៃ​សៅរ៍ ទី១១ ខែកុម្ភៈ ឆ្នាំ២០១៧។

យោងតាម​ប្រព័ន្ធផ្សព្វ​ផ្សាយ​កូរ៉េខាងត្បូង​បុគ្គល​ទាំង​៣២នាក់ខាងលើ​មាន​មូលដ្ឋាននៅ​តំបន់ Yanji ភាគ​ឦសាន​​ប្រទេស​ចិន​​ ក្បែរ​ព្រំ​ដែន​ជា​មួយ​​កូ​រ៉េ​​ខាង​​ជើង ហើយ​ភាគ​ច្រើន​បានបំពេញ​ការងារនៅទីនោះ​អស់រយៈពេល​មិនក្រោម១០ឆ្នាំ​នោះឡើយ។ ក្រសួង​ការបរទេស​​កូរ៉េ​ខាងត្បូង​បានឲ្យដឹងថា ​ក្រុមអ្នក​កាន់​សាសនាគ្រិស្ត​របស់ខ្លួន បានស្នាក់​នៅក្នុងប្រទេសចិន​ក្រោមបេសកកម្ម​ផ្សព្វផ្សាយ​សាសនា ហើយពួក​គេ​​ត្រូវ​បាន​បញ្ជូនឲ្យត្រឡប់​មកមាតុភូមិវិញ​កាលពីខែមករា​កន្លងទៅ។ ក្រសួង​ដដែល​ក៏បានគូសបញ្ជាក់ដែរថា​ក្រុមអ្នកផ្សព្វ​ផ្សាយ​សាសនាគ្រិស្តកូរ៉េ​ខាង​ត្បូង​ទាំងអស់ ត្រូវបានណែនាំ​យ៉ាងត្រឹមត្រូវ​អំពីសារៈសំខាន់​នៃការគោរព​ប្រតិបត្តិ​តាមច្បាប់​ និងទំនៀម​ទំលាប់​នៅតាមតំបន់​ដែលពួក​គេ​ធ្វើការ។

សាធារណមតិ​កូរ៉េខាងត្បូងជាទូទៅ​ជឿជាក់ថា​ ចិនកំពុងធ្វើការសងសឹក​ប្រឆាំងនឹង​គំរោងរបស់រដ្ឋាភិបាល​ទីក្រុងសេ​អ៊ូល​ក្នុងការបំពាក់​ប្រព័ន្ធ​ខែលការពារ​មីស៊ីល THAAD របស់យោធា​សហរដ្ឋអាមេរិក ដើម្បីត្រៀម​ទប់ទល់​ជាមួយការ​គំរាមកំហែង​នៃការ​វាយ​ប្រហារ​ដោយគ្រាប់​មីស៊ីល​ពីសំណាក់​កូរ៉េខាងជើង។ ទោះជាបែបនេះក្តី ពុំមានសញ្ញា​មួយណាបង្ហាញពីការ​ពាក់ព័ន្ធ​ដោយផ្ទាល់​​រវាង​ការ​បណ្តេញ​ក្រុមអ្នកផ្សព្វផ្សាយ​សាសនាខាងលើ​ និងភាពតានតឹង​ជុំវិញ​ប្រព័ន្ធ THAAD ឡើយ។ នេះបើតាម​ការលើកឡើងរបស់មន្រ្តី​រដ្ឋាភិបាល​កូរ៉េខាងត្បូង​​មួយរូប ដែលបានស្នើ​សុំមិនបញ្ចេញ​អត្តសញ្ញាណ។

មន្រ្តីកូរ៉េខាងត្បូង​ខាងលើដដែល​បានថ្លែងដូច្នេះថា «ជុំវិញបញ្ហានេះ​ពុំការពន្យល់បកស្រាយ​ជាផ្លូវការ​អ្វីទាំងអស់​ពីរដ្ឋាភិបាល​ទីក្រុងប៉េកាំង ហើយក៏ពុំ​មានការបញ្ជាក់​ថា​ ករណីនេះ​មានពាក់ព័ន្ធ​នឹងគំរោង​ដាក់ពង្រាយ​ប្រព័ន្ធ THAAD ដែរ»។

គណបក្សកុម្មុយនិស្តចិន​ធ្លាប់បាន​និយាយថា​ ខ្លួនមាន​ការប្តេជ្ញា​ខ្ពស់​ក្នុងការការពារសិទ្ធិ​សេរីភាព​នៃការគោរព​សាសនា ប៉ុន្តែក៏រក្សា​ភាពតឹង​រ៉ឹង​​ទៅ​លើ​សកម្មភាព​ផ្សព្វផ្សាយ​សាសនា​ផ្សេងៗ​ផងដែរ ហើយផ្តល់​ការអនុញ្ញាត​តែចំពោះគ្រឹះស្ថាន​សាសនាណាដែលមាន​ការទទួល​ស្គាល់​​ប៉ុណ្ណោះ។ រីឯចំនួន​អ្នកផ្សព្វ​ផ្សាយសាសនាគ្រិស្ត​របស់កូរ៉េខាងត្បូង​​​ដែលធ្វើការ​នៅក្នុងប្រទេសចិន​វិញ ប្រហែលជា​មានដល់​ទៅ១,០០០នាក់ ហើយភាគ​ច្រើន​ស្ថិតនៅភាគឦសាន​ប្រទេស និងជាច្រើននាក់​បានជួយ​អ្នកដែលរត់​គេចខ្លួនចាកចេញ​ពីកូរ៉េខាងជើង ឲ្យធ្វើដំណើរ​ទៅកាន់​​ប្រទេស​ទីបី រួមមានទាំង​កូរ៉េខាងត្បូង​ផងដែរ។

គួរបញ្ជាក់ថា រ៉ាដានៃប្រព័ន្ធខែល​ការពារ​មីស៊ីល THAAD មានសមត្ថភាព​ក្នុងការជ្រៀតចូល​យ៉ាងជ្រៅ​ទៅក្នុងទឹកដី​របស់ប្រទេស​ចិន ជា​ហេតុ​ធ្វើឲ្យ​រដ្ឋាភិបាល​ទីក្រុងប៉េកាំង​មានការជំទាស់ជា​ខ្លាំងចំពោះ​គំរោង​នៃការបំពាក់ប្រព័ន្ធ​ការពារមីស៊ីល​ដ៏ទំនើប​របស់អាមេរិកនេះ​នៅលើទឹក​ដី​កូរ៉េខាងត្បូង ដោយបាន​លើកយក​ហេតុផលថា​វានឹងបង្កអស្ថិរភាព​ដល់សន្តិសុខ​នៅក្នុងតំបន់ និងគំរាមកំហែង​ធ្ងន់ធ្ងរ​ដល់សន្តិសុខ​ក៏ដូចជា​សុវត្ថិភាព​របស់ចិន ហើយក៏​មិនអាច​ជួយអ្វីបានក្នុងការ​កាត់បន្ថយ​ភាពតានតឹង​នៅឧបទ្វីបកូរ៉េដែរ៕