(វ៉ាស៊ីនតោន)៖ ប្រធានាធិបតី​អាមេរិក​លោក ដូណាល់ ត្រាំ បាន​និយាយថា​សម្ព័ន្ធភាពរវាង​សហរដ្ឋអាមេរិក​ និងជប៉ុនគឺជាមូលដ្ឋាន​ស្នូល​ដ៏​សំខាន់​​បំផុត​​មួយ ​ដែល​ជួយ​បន្តរក្សា​សន្តិភាព​និងស្ថិរភាព​នៅក្នុងតំបន់ បន្ទាប់ពីបាន​ជួបពិភាក្សា​ជាមួយ​លោក ស៊ីនហ្សូ អាបេ នៅឯ​សេតវិមាន។ នេះបើ​តាម​ការចេញផ្សាយ​ដោយ​សារព័ត៌មាន Channel News Asia នៅមុននេះ​បន្តិចនាព្រឹក​ថ្ងៃសៅរ៍ ទី១១ ខែកុម្ភៈ ឆ្នាំ២០១៧។

ថ្លែងក្នុងសន្និសីទ​សារព័ត៌មាន​រួមគ្នាមួយ​ជាមួយ​នាយករដ្ឋមន្រ្តី​ជប៉ុនលោក ដូណាល់ ត្រាំ បានជៀសវាង​លើកឡើងពី​ការចោទ​ប្រកាន់​​ដែល​រូប​លោកធ្លាប់​បាននិយាយ​កាលពីអំឡុង​យុទ្ធនាការឃោសនា​រកសំឡេងឆ្នោតថា ជប៉ុន​បានកេង​ចំណេញលើ​ជំនួយផ្នែក​សន្តិ​សុខ​​ និង​ការងារ​​របស់​​សហ​រដ្ឋ​អា​មេ​រិក​។ លោក ត្រាំ បាននិយាយ​ដូច្នេះថា «យើងមាន​ការប្តេជ្ញាចិត្ត​ខ្ពស់ចំពោះ​សន្តិសុខរបស់​ប្រទេសជប៉ុន និងរាល់​តំបន់​​ទាំង​អស់ដែល​ស្ថិតក្រោម​រដ្ឋបាល​គ្រប់គ្រងរបស់​ទីក្រុង​តូក្យូ ហើយសន្យាថា​នឹងពង្រឹង​សម្ព័ន្ធភាព​ដ៏សំខាន់រវាង​ប្រទេសយើង​ទាំងពីរ។ ​ម៉្យាង​វិញ​ទៀតចំណង​ទាក់ទង​រវាងប្រជាជាតិ​ទាំងពីរ និងមិត្តភាព​រវាងប្រជាជន​នៃប្រទេសទាំង​ពីរ​មានភាពស៊ីជម្រៅ​យ៉ាងខ្លាំង​»

សេចក្តីថ្លែងការណ៍រួមអាមេរិក-ជប៉ុនខាងលើ​បានបញ្ជាក់ទៀតថា​ ការប្តេជ្ញាចិត្ត​របស់​សហរដ្ឋ​អាមេរិក ក្នុងការការ​ពារសម្ព័ន្ធមិត្ត​ជប៉ុនតាម​រយៈការប្រើប្រាស់​អាវុធនុយក្លេអ៊ែរ​ និងសមត្ថភាព​យោធា​ផ្សេងៗទៀត​គឺពុំមាន​ការផ្លាស់ប្តូរ​ឡើយ។ សេចក្តីថ្លែងការណ៍​នេះអាចបង្ហាញពី​ភាពជោគ​ជ័យ​មួយ​របស់លោក អាបេ ដែលបាន​ធ្វើដំណើរ​ម​កបំពេញទស្សនកិច្ច​នៅរដ្ឋធានី​វ៉ាស៊ីនតោន ជាមួយនិង​គោលបំណង​ចង់អភិវឌ្ឍន៍ការជឿទុកចិត្ត​គ្នា​ និងមិត្តភាព​ជាមួយប្រធានាធិបតី​អាមេរិកថ្មី ក៏ដូចជា​ដើម្បីផ្ញើសារ​ទៅកាន់ពិភពលោក​ផងដែរថា​ សម្ព័ន្ធភាពរាប់​ទសវត្សរ៍នេះគ្មាន​ការរង្គោះ​រង្គើរ​ឡើយ ទោះបីជា​នៅចំពោះមុខ​ការកើនឡើងនៃ​ឥទ្ធិពលរបស់ចិន​យ៉ាងណាក្តី។

នៅក្រោយជំនួប​ពិភាក្សានៃមេដឹកនាំ​ប្រទេសទាំងពីរ​នេះដែរ ជប៉ុន​នៅតែបន្ត​ទទួលបាន​ការគាំទ្រពី​សំណាក់​សហរដ្ឋអាមេរិក​​ដដែល សម្រាប់​បញ្ហា​​ជម្លោះ​ជាមួយ​ទីក្រុងប៉េកាំង​ជុំវិញប្រជុំកោះ​នៅតំបន់សមុទ្រ​ចិនខាងកើត ដែលចិន​បានទាមទារ​ថាជាទឹកដីរបស់ខ្លួន។ លោក ដូណាល់ ត្រាំ និងលោក ស៊ីនហ្សូ អាបេ បានបញ្ជាក់ថា​មាត្រាទី០៥នៃសន្ធិសញ្ញា​សន្តិសុខជាតិ​អាមេរិក-ជប៉ុន រាប់បញ្ចូល​ទាំងប្រជុំ​កោះ Senkaku ​ក្រោម​ការ​កាន់​កាប់របស់រដ្ឋាភិបាលទីក្រុងតូក្យូនៅ​តំបន់សមុទ្រចិន​ខាងកើត ដែលទីក្រុងប៉េកាំង​ហៅថាជា​ប្រជុំកោះ Diaoyu។

ក៏ប៉ុន្តែភាពមន្ទិលសង្ស័យនៅ​តែបន្តកើតមានក្នុង​ផ្នែកមួយចំនួន ជាពិសេស​គឺការធ្វើពាណិជ្ជកម្ម​រវាងប្រទេស​ទាំងពីរ បន្ទាប់ពី​លោក ត្រាំ ភ្លាមៗ​ក្រោយពី​បានស្បថឡើង​កាន់តំណែងជា​ប្រធានាធិបតី​អាមេរិក បានចេញ​បទបញ្ជាដក​សហរដ្ឋអាមេរិក​ចេញពីកិច្ចព្រមព្រៀង​ពា​ណិជ្ជកម្ម​អន្តរ-ប៉ាស៊ីហ្វិក (TPP) ជាបន្ទាន់។ លោក អាបេ បាន​និយាយថា​អាមេរិកនិង​ជប៉ុនបាន​ព្រមព្រៀង​គ្នា លើ​ក្រប​ខ័ណ្ឌ​​ថ្មី​សម្រាប់​កិច្ច​សន្ទនាស្តី​វិស័យសេដ្ឋកិច្ច​រវាងសម្ព័ន្ធមិត្ត​ទាំងពីរ ហើយលោក​សង្ឃឹមថា​នឹងទទួលបាន​លទ្ធផល​ជាផ្លែផ្កា​ល្អពីកិច្ទសន្ទនា​ថ្មីនេះ។

គួរបញ្ជាក់ថា លោកនាយករដ្ឋមន្រ្តី​ជប៉ុន​និងលោកប្រធានាធិបតី​អាមេរិក បានធ្វើដំណើរ​ចាកចេញ​តាមរយៈ​យន្តហោះ Air Force One ឆ្ពោះ​ទៅកាន់កន្លែង​សម្រាកលំហែរកាយឯ​កជន Mar-a-Lago របស់លោក ត្រាំ ដែលស្ថិតនៅទីក្រុង Palm Beach នៃរដ្ឋ Florida ហើយ​សម្រាប់​ចុង​សប្តាហ៍នេះ។ សេតវិមាន​បានប្រកាសថា​ការធ្វើដំណើរនេះ​គឺជាអំណោយ​​ផ្លូវ​ការ​មួយរបស់​លោក ត្រាំ ជូនចំពោះ​លោក អាបេ៕