(ម៉ានីល)៖ ចំនួនមនុស្សស្លាប់បានកើនដល់​១៥នាក់ហើយ និងជាង១០០នាក់ផ្សេងទៀត​បានទទួល​រងរបួស បន្ទាប់ពី​គ្រោះរញ្ជួយដីដ៏កក្រីកកម្រិត​៦.៧​រ៉ិចទ័រ បានវាយប្រហារកោះ Mindanao ដែលស្ថិតនៅភាគខាងត្បូង នៃប្រទេសហ្វីលីពីន​នៅយប់ថ្ងៃសុក្រ​ម្សិលមិញនេះ ហើយវា​ក៏បាន​បង្ក​ការបំផ្លិចបំផ្លាញ​ដល់អគារក៏ដូចជាកាត់ផ្តាច់ចរន្តអគ្គិសនី​​នៅតាមតំបន់​ជាច្រើន​ផងដែរ។ នេះបើតាម​សម្តីរបស់អាជ្ញាធរ​ហ្វីលីពីន ដែលត្រូវបាន​ដកស្រង់​ដោយទីភ្នាក់ងារ​ព័ត៌មាន Reuters នៅមុននេះ​បន្តិច​នាព្រឹកថ្ងៃសៅរ៍​ ទី១១ ខែកុម្ភៈ ឆ្នាំ២០១៧។

ជាមួយគ្នានេះមជ្ឈមណ្ឌលប្រកាសអាសន្នពីរលកយក្សស៊ូណាមិ ប្រចាំតំបន់ប៉ាស៊ិហ្វិក បានឲ្យដឹងថាពុំ​មានការគំរាមកំហែង​ពីរលកយក្ស​​ស៊ូណាមិ​ណាមួយ​ត្រូវបានបង្កឡើង​ដោយគ្រោះរញ្ជួយដី​នេះឡើយ។ ប៉ុន្តែយោងតាម លោក​ Rise Recabo ប្រធាន​ក្រុម​ប្រឹក្សាក្រុង Surigao ចរន្តអគ្គិសនី​រួមទាំង​ប្រព័ន្ធផ្គត់ផ្តង់​ទឹកស្អាតជាច្រើន​កន្លែងត្រូវ​បានកាត់ផ្តាច់ ខណៈស្ពានមួយខ្សែ និងសណ្ឋាគារមួយ​បានដួលរលំ និង​លំនៅ​ឋាន​មួយចំនួនទៀត​បានទទួលរងការខូចខាត។ រីឯអាកាសយានដ្ឋាន Surigao វិញត្រូវបាន​បិទទ្វារផ្អាកដំណើរការ​ជាបណ្តោះអាសន្ន​ ដោយ​សារតែស្នាមប្រេះ​នៅលើផ្លូវហោះហើរ។

គួរបញ្ជាក់ថា គ្រោះរញ្ជួយដីនាយប់ថ្ងៃសុក្រម្សិលមិញគឺមានកម្រិតដ៏ខ្លាំងបំផុត ដែលបាន​វាយប្រហារ​លើទីក្រុង Surigao គិតចាប់តាំងពីឆ្នាំ​១៨៩៧​មក ហើយប្រទេស​ហ្វីលីពីនវិញ គឺស្ថិតនៅចំតំបន់​ដ៏គ្រោះថ្នាក់បំផុតដែល​គេហៅថា «Pacific Ring of Fire» ជាហេតុបណ្តាល​ឲ្យ​ទទួល​រងការវាយប្រហារ​ពីគ្រោះរញ្ជួយផែនដី​យ៉ាងញឹកញាប់បែបនេះ៕