(តៃប៉ិ)៖ បន្ទាប់ពីប្រធានាធិបតី​អាមេរិក​លោក ដូណាល់ ត្រាំ បានថ្លែងបញ្ជាក់ទៅ​កាន់ប្រធានាធិបតី​ចិន​លោក ស៊ី ជីនពីង ដោយផ្ទាល់​មាត់ថា​​ សហរដ្ឋអាមេរិកនឹ​ងគោរពតាម «គោលនយោបាយ​ចិនតែមួយ» នោះ​នៅ​ថ្ងៃសៅរ៍នេះ​អាជ្ញាធរ​តៃវ៉ាន់​ក៏បានសម្តែង​ពីចេតនា​​ ក្នុង​ការ​ថែ​រក្សា​​ទំនាក់ទំនង​វិជ្ជមាន​ផងដែរ​ជាមួយ​រដ្ឋាភិបាល​ទីក្រុង​វ៉ាស៊ីនតោន​ ព្រមទាំង​រដ្ឋាភិបាល​ទីក្រុង​ប៉េកាំង ដើម្បីបន្ត​ធានាឲ្យបាន​នូវសន្តិភាព​​ក៏ដូចជា​ស្ថិរភាព​នៅក្នុងតំបន់។ នេះបើតាម​សេចក្តីថ្លែងការណ៍​​របស់​ការិយាល័យ​​ប្រធានាធិបតី​តៃវ៉ាន់ ដែលដកស្រង់​ដោយ​សារព័ត៌មាន​រុស្ស៊ី Sputnik នៅ​ព្រឹក​ថ្ងៃសៅរ៍ ទី១១ ខែកុម្ភៈ ឆ្នាំ២០១៧។

អ្នកនាំពាក្យ​ការិយាល័យ​ប្រធានាធិបតីតៃវ៉ាន់​បានបញ្ជាក់​នៅក្នុងសេចក្តី​ថ្លែងការណ៍​មួយថា «ការរក្សា​ទំនាក់ទំនង​វិជ្ជមាន​ជាមួយ​​សហរដ្ឋ​​អាមេរិក​ និងប្រទេសចិន គឺស្របទៅតាមផលប្រយោជន៍ជាតិរបស់យើង និងជា​កូនសោ​ដ៏សំខាន់ឆ្ពោះ​ទៅកាន់​សន្តិភាព​ក៏ដូចជា​ស្ថិរភាព​នៅក្នុង​តំបន់ ហើយវាគឺជា​គោលដៅ​ដែលរដ្ឋបាលតៃវ៉ាន់​បច្ចុប្បន្ន នឹងខិតខំធ្វើ​យ៉ាងណា​សម្រេចឲ្យ​ខាងតែបាន»។ សេចក្តីថ្លែងការណ៍​ដដែល​នេះបាន​​​លើក​ឡើង​​ដែរ​ថា អាមេរិក​គឺជាដៃគូយុទ្ធ​សាស្រ្ត​ដ៏សំខាន់​បំផុតរបស់​តៃវ៉ាន់ ហើយទីក្រុង​តៃប៉ិ​នឹងនៅតែបន្ត​រឹតចំណង​ទ្វេភាគី​រវាងគ្នានិងគ្នា​​បន្ថែមទៀត ដើម្បីលើកស្ទួយ​ស្ថិរភាព​និងសុខុមាលភាព​នៅតំបន់អាស៊ី​ខាងកើត។ ​

គួររំលឹកថា​នៅក្រោយពេលដែលបានទទួលជ័យជម្នះ​ដ៏គួរឲ្យភ្ញាក់ផ្អើល ក្នុងការបោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​អាមេរិក​កាលពី​ខែវិច្ឆិកា ឆ្នាំ២០១៦កន្លង​ទៅនេះ លោក ដូណាល់ ត្រាំ បាន​ជួប​សន្ទនាគ្នា​តាមទូរស័ព្ទ​​​ជា​​មួយ​​​ប្រ​ធា​នា​ធិបតី​តៃវ៉ាន់​លោកស្រី ត្សៃ អ៊ីងវិន ជា​ហេតុ​​បាន​​នាំឲ្យ​រូប​លោក​​ក្លាយ​ជាប្រធានាធិបតី​អាមេរិក​ដំបូង​គេ​គិតចាប់ពី​​ឆ្នាំ​១៩៧៩​​មក ដែល​​បាន​ជួបពិភាក្សា​ជាមួយមេដឹកនាំ​តៃវ៉ាន់។ កិច្ចសន្ទនា​គ្នា​នេះត្រូវបាន​ទីក្រុងប៉េកាំង​រិះគន់យ៉ាងខ្លាំង ត្បិតថា​ប្រទេសចិន​មិនទទួលស្គាល់​ឯករាជ្យ​ភាព​របស់តៃវ៉ាន់​ឡើយ ហើយអំពាវនាវ​ឲ្យមាន​ការគោរព​គោលនយោបាយ​ចិនតែមួយ​ពីសំណាក់​ទីក្រុងវ៉ាស៊ីនតោន។

ដោយឡែក​កាលពី​ថ្ងៃសុក្រម្សិលមិញនេះ ប្រធានាធិបតី​អាមេរិក​លោក ដូណាល់ ត្រាំ នៅក្នុង​កិច្ចសន្ទនា​តាមទូរស័ព្ទ​ជាលើកដំបូង​ជាមួយ​​ប្រធានាធិបតី​ចិន​លោក ស៊ី ជីនពីង​ បានពិភាក្សាគ្នា​លើបញ្ហា​មួយចំនួន​ដូចជា​ទំនាក់ទំនង​សេដ្ឋកិច្ច​រវាង​ប្រទេស​ទាំងពីរ និងបញ្ហា​នៅតាម​តំបន់ផ្សេងៗ ហើយនៅក្នុង​ឱកាសនោះ​លោក ត្រាំ បានគូស​បញ្ជាក់សាជាថ្មីប្រាប់លោក ស៊ី ជីនពីង ថារដ្ឋាភិបាល​ទីក្រុងវ៉ាស៊ីនតោន​បាន​គ្រោង​នឹង​គោរពប្រតិបត្តិ​តាម «នយោបាយចិនតែមួយ» ដោយ​មិនផ្លាស់ប្តូរគោល​ជំហរនោះ​ឡើយ៕