(​អង់ការ៉ា)៖ ប្រធានាធិបតីតួកគីលោក រ៉ាសិប តាយយីប អឺដូហ្គាន់ បានយល់ព្រម​អនុម័តហើយ​លើគំរោង​ធ្វើវិសោធនកម្ម​រដ្ឋ​ធម្មនុញ្ញ ដែលជាផ្លូវត្រួស​ត្រាយ​មួយ​ដើម្បីឆ្ពោះទៅរកប្រព័ន្ធ​​ប្រធានាធិបតី​និយម។ នេះបើតាម​​ឧបនាយករដ្ឋមន្តី្រតួកគី ដក​ស្រង់សម្ដី​ដោយទីភ្នាក់ងារ​សារព័ត៌មាន Reuters នៅល្ងាចថ្ងៃសុក្រ ទី១០ ខែកុម្ភៈ ឆ្នាំ២០១៧។

យោងតាមលោក អឺដូហ្គាន់ ការធ្វើសោធនកម្មលើរដ្ឋធម្មនុញ្ញនេះ​នឹងជួយរក្សា​ស្ថេរភាព នៅពេល​ដែល​ប្រទេសជាតិ​ជួបស្ថានការ​ណ៍លំបាក ក៏ដូចជាអាច​បញ្ជៀស​ផងដែរនូវ រាល់កំលំាង​នយោបាយ​ចំរុះ​ដែលមានភាពផុយស្រួយ​ដូចកាលពី​អតីតកាល។ ទោះជា​បែបនេះក្ដី ក្រុម​ប្រឆាំង​ព្រួយបារម្ភថា ការធ្វើ​របៀបបនេះ​អាចនឹងនាំ​ឱ្យតួកគី​អនុវត្តន៍​អំណាច​ផ្ដាច់ការ។ ដោយឡែកថ្លែងនៅ​ចំពោះមុខ​អ្នកសារព័ត៌មាន​ឧបនាយករដ្ឋ​មន្ត្រីតួកគី លោក Numan Kurtulmus បានឱ្យ​ដឹងយ៉ាង​ខ្លី​ថា «ដោយមាន​ការអនុម័តយល់ព្រម​ពីលោក​ប្រធានាធិបតី ក្រុមប្រឹក្សាភិបាល​ជាន់ខ្ពស់​រៀបចំ​ការបោះឆ្នោត (YSK) អាចនឹង​ប្រកាសយក​ថ្ងៃទី១៦ ខែមេសា ខាងមុខនេះ​ជាកាល​បរិច្ឆេទនៃការបោះឆ្នោត​ប្រជាមតិ​ស្ដីពីការធ្វើវិសោធន​កម្ម​រដ្ឋម្មនុញ្ញ»។

គួរបញ្ជាក់ថា​បើសិនជារដ្ឋធម្មនុញ្ញ​តួកគីបច្ចុប្បន្ន​ត្រូវបានធ្វើសោធនកម្ម​មែននោះ វានឹង​អនុញ្ញាតឱ្យលោក អឺដូហ្គាន់ មានអំណាច​កាន់តែខ្លំាងដូចជាការចេញច្បាប់​ប្រកាសដាក់រដ្ឋក្នុង​ភាពអាសន្ន តែងតាំងរដ្ឋមន្រ្តី និងមន្ត្រីជាន់ខ្ពស់ ហើយរហូតដល់​មានអំណាចរំលាយ​សភាទៀតផង៕