(ប៉ារីស)៖ ប៉ូលិសបារំាង​បានឱ្យដឹងនៅថ្ងៃសុក្រនេះថា មនុស្សយ៉ាង​ហោច​ណាស់ ០៤នាក់​ក្នុងនោះមាន​ប្រុស០៣នាក់ និងស្ត្រីវ័យក្មេងម្នាក់ត្រូវបាន​ចាប់ខ្លួន​ក្រោមបទសង្ស័យថា​ កំពុងរៀបចំ​គំរោង​វាយប្រហារ​ដោយអំពើ​ភេរវកម្មនៅតាមតំបន់​ទេសចរណ៍​ជាច្រើនក្នុង​ប្រទេសបារាំង។ ក៏ប៉ុន្តែភ្លាមនោះដែរ​ព័ត៌មានលម្អិត​ពាក់ព័ន្ធ​នឹងជនសង្ស័យទាំងនេះ ពុំត្រូវបាន​គេបង្ហើប​​នៅឡើយទេ។ នេះបើតាម​ការចេញផ្សាយ​​ដោយ​សារព័ត៌មាន Channel News Asia នៅល្ងាចថ្ងៃសុក្រ ទី១០ ខែកុម្ភៈ ឆ្នាំ២០១៧។

យោងតាមប្រភព​ដដែលជនសង្ស័យទាំងបួននាក់នេះ ត្រូវបានចាប់ខ្លួន​នៅក្នុងទីក្រុងម៉ង់ពឺលីយ៉េ (Montpellier​) និងតំបន់ក្បែរខាងដោយអាជ្ញាធរ​បានរកឃើញសារធាតុផ្ទុះ​ដ៏មានឥទ្ធិពល​ប្រភេទ TATP​ រាប់សិបក្រាម​រួមទាំងសម្ភារៈជាច្រើន​ដែលអនុញ្ញាត​ឱ្យគេផលិតគ្រាប់បែក​ចេញពីសារធាតុផ្ទុះនេះ នៅក្នុងផ្ទះរបស់​បុរសវ័យក្មេង​ម្នាក់អាយុ២២ឆ្នាំ។  

​គួរបញ្ជាក់ថា​ចាប់តាំងពីឆ្នាំ២០១៥មក មនុស្សជាង​២៣០នាក់បានស្លាប់បាត់​បង់ជីវិត ដោយសារតែ​កាវាយប្រហារភេរវកម្ម ជាបន្តបន្ទាប់​នៅក្នុងប្រទេស​បារំាង៕