(ប៉ារីស)៖ ខណៈការបោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​បារាំង​ កាន់ខែខិតជិតចូលមកដល់អ្នកបោះឆ្នោត​ភាគច្រើន​មានបំណងចង់​ឲ្យបេក្ខភាព​​ប្រធានាធិបតី​លោក Francoi Fillon ដកខ្លួនចេញពី​ការប្រកួត ស្របពេល​ដែលផ្ទុះ​រឿង​​អា​ស្រូវ​មួយ​​ជាប់​ពាក់​ព័ន្ធ​នឹង​​ការ​ងារ​ក្លែង​ក្លាយ​របស់​​ភរិយា​លោក​ ដែលបាន​និងកំពុង​ជះឥទ្ធិពល​អាក្រក់ដល់យុទ្ធនាការឃោសនា​រកសំឡេងឆ្នោត​របស់បេក្ខជន​ប្រធានាធិបតី​រូបនេះ​។ នេះ​បើ​តាម​​ការស្ទង់​មតិមួយ​ដោយ Odoxa សម្រាប់វិទ្យុ France Info ដែល​ចេញ​​ផ្សាយ​ដោយ​សារព័ត៌មាន Channel News Asia នៅ​មុន​នេះ​​បន្តិច​នាល្ងាច​ថ្ងៃសុក្រ ទី១០ ខែកុម្ភៈ ឆ្នាំ២០១៧។

លោក Francoi Fillon បានចេញមុខ​សូមអភ័យទោស​ពីសំណាក់​ជនរួមជាតិបារាំង ចំពោះរបៀប​ដែលថវិកា​រាប់សែនយូរ៉ូ​របស់​អ្នក​បង់​ពន្ធ​ប្រាក់​​​ទាំង​អស់​ ត្រូវបាន​ចំណាយ​ទៅឲ្យភរិយា​របស់លោក ប៉ុន្តែលោក​ Fillon បានបដិសេធ​ចំពោះការ​ចោទប្រកាន់​ថា វាបណ្តាលមកពីការងារ​ជាជំនួយ​ការ​​នៅ​ក្នុង​សភា​ជាតិ​​បារាំង​​របស់ភរិយា​លោក​ ក្នុងរយៈពេល​១៥ឆ្នាំកន្លង​មកនេះ​ គឺជារឿងមិនពិតឡើយ​នោះ។

យ៉ាងណាមិញ​លោក Francoi Fillon បានប្តេជ្ញាថា​នឹងនៅតែបន្ត​យុទ្ធនាការ​ឃោសនារកសំឡេង​ឆ្នោត​តទៅមុខទៀត ទោះបីជារូប​លោក​បាន​​របូត​ពីតំណែងជា​បេក្ខភាព​ដែលមានប្រជាប្រិយភាព​ជាងគេនោះ និងកំពុងតែ​ប្រឈមមុខនឹង​ការស៊ើបអង្កេត​ជាផ្លូវការមួយ​ជុំវិញរឿង​អាស្រូវ​​នេះយ៉ាងណាក្តី។ គួរបញ្ជាក់ថា​ការបោះឆ្នោតជ្រើសរើស​ប្រធានាធីបតីបារាំង​នឹងប្រព្រឹត្តទៅ​ក្នុងខែមេសា ឆ្នាំ២០១៧​ខាងមុខនេះ៕