(រីយ៉ូ)៖ មនុស្សយ៉ាងហោចណាស់ ១១៣នាកហើយបានស្លាប់ ដោយសារតែការបង្ក្រាបឧក្រិដ្ឋកម្មទ្រង់​ទ្រាយធំនៅរដ្ឋ Espirito Santo នៃប្រទេសប្រេស៊ីល ចាប់តាំងពីថ្ងៃអាទិត្យសប្តាហ៍មុន រហូតមកដល់ថ្ងៃ​សុក្រសប្តាហ៍នេះ។ នេះបើតាមការចេញ​ផ្សាយនៅមុននេះបន្តិច ដោយទីភ្នាក់ងារព័ត៌មានចិនស៊ិនហួរ នារសៀលថ្ងៃសុក្រ ទី១០ ខែកុម្ភៈ ឆ្នាំ២០១៧។

ប៉ូលិសបាន​បើកការបង្ក្រាប​អំពើឧក្រិដ្ឋកម្មគ្រប់ទម្រង់ ទៅក្រុមមន្ត្រីប៉ូលិស និងក្រុមគ្រួសារ​​ពួកគេរាប់ពាន់​នាក់ ដែលបានប្រមូល​ផ្តុំ​គ្នាតវ៉ាចាប់តាំងពី​ចុងសប្តាហ៍​មុន​​រហូតមកដល់​ពេលនេះ​ ​មិនទាន់បញ្ចប់​នៅឡើយទេ ហើយជាលទ្ធផល​បាតុករជាច្រើននាក់​ក្នុងរដ្ឋ​ខាង​លើនេះ​ ​ត្រូវបានប៉ូលិស​ប្រេស៊ីលចាប់ខ្លួន និងមួយភាគ​ទៀត​ត្រូវបាត់​បង់ជីវិត។ ប្រតិបត្តិការ​នេះបាន​បង្ខំឲ្យ​សាលារៀន​ឯកជន និងសាធារណ​ជាច្រើនបិទទ្វារ ព្រមទាំងផ្លូវដឹក​ជញ្ជូននានាត្រូវបាន​ផ្អាកផងដែរ ដែលនាំ​ឲ្យសេដ្ឋកិច្ច​ក្នុងតំបន់ខាត​បង់អស់ ៥៧.៧លានដុល្លារ​តែក្នុងរយៈពេល ០៥ថ្ងៃប៉ុណ្ណោះ។

គួរបញ្ជាក់ថាក្រុមគ្រួសារ និងមន្ត្រីប៉ូលិសក្នុងរដ្ឋបានប្រមូលផ្តុំគ្នាតវ៉ា ដើម្បីទាមទារប្រាក់ខែច្រើនជាងមុខ ព្រមទាំងលក្ខខណ្ឌ​ការងារមួយចំនួនដែលពួកគេចង់បានផងដែរ ប៉ុន្តែដោយសារតែនិយាយមិនស្តាប់គ្នា រហូតឈានដល់ការប្រើប្រាស់​អំពើហិង្សា​នោះ ទើបប៉ូលិស​និងទាហានសម្រេចចិត្ត​បង្ក្រាបក្រុម​មន្ត្រីប៉ូលិស ព្រមទាំង​សមាជិកក្រុម​គ្រួសារ​ដែលចូលរួមបាតុកម្ម​ជាមួយនោះ​តែម្តងទៅ។

តាមរូបភាព​របស់សារព័ត៌មាន​ក្នុងស្រុក ប៉ូលិស និងទាហាន​រាប់ពាន់នាក់​នៃសហព័ន្ធប្រេស៊ីល​ត្រូវបានដាក់ពង្រាយ​​នៅក្នុងរដ្ឋ Espirito Santo ភាគខាងកើត​ជាប់ឆ្នេរសមុទ្ររបស់ប្រទេសប្រេស៊ីល ដោយមានទាំងរថក្រោះ និងសព្វាវុធជាច្រើនត្រូវបាន​បញ្ឈរជើងជាស្រេច​ដើម្បីការពារ និងបង្ក្រាបបាតុភាព​ក្នុងតំបន់ទាំង​មូលតែម្តង ដោយសារតែ​ការតវ៉ាដោយហិង្សា​មិនទាន់បញ្ចប់៕