(វ៉ាស៊ីនតោន)៖​ ទីប្រឹក្សាសនិ្តសុខជាតិនៃសេតវិមាន លោក Michael Flynn បានពិភាក្សា​ជាលក្ខណៈឯកជន​ជាមួយអគ្គរដ្ឋទូត​រុស្ស៊ី​ប្រចាំ​សហរដ្ឋអាមេរិក ពាក់ព័ន្ធនឹង​ការដាក់​ទណ្ឌកម្ម​ពី​សំណាក់​រដ្ឋបាល​​លោក បារ៉ាក់ អូបាម៉ា ប្រឆាំងនឹង​ទីក្រុងមូស្គូ ហើយដែល​កិច្ចពិភាក្សានេះ​​ធ្វើឡើងកាលពីមួយខែមុនលោក ដូណាល់ ត្រាំ ស្បថចូលកាន់​តំណែងជា​ប្រធានាធិបតីអាមេរិក។ នេះបើតាម​សេចក្ដីរាយការណ៍​​របស់កាសែត Washington Post ដកស្រង់ដោយ​​ទីភ្នាក់ងារសារព័ត៌មាន Reuters នៅរសៀលថ្ងៃសុក្រ ទី១០ ខែកុម្ភៈ ឆ្នាំ២០១៧។

កាសែត Washington Post ផ្អែកលើប្រភព​ពីក្រុមមន្ត្រីអាមេរិក​ក្រោមលក្ខខណ្ឌ​មិនបញ្ចេញឈ្មោះ បានរាយការណ៍ថា មន្ត្រីជាន់ខ្ពស់​អាមេរិកជាច្រើននាក់យល់ថា កិច្ចពិភាក្សា​ជាលក្ខណៈឯកជន​នេះ គឺជា «ទង្វើខុសច្បាស់» និងជាសញ្ញាមួយ​ប្រាប់ដល់រុស្ស៊ី​ថា​ ទីក្រុងវ៉ាស៊ីនតោន ក្រោមការ​គ្រប់គ្រង​របស់លោក ត្រាំ មានបំណងព្យួរចោល​ការដាក់ទណ្ឌកម្ម​ដោយរដ្ឋបាល​លោក អូបាម៉ា កាលពី​ខែធ្នូ ឆ្នាំ២០១៦។

ទោះបីជាយ៉ាងណាលោក Michael Flynn បានបដិសេធ​ចំពោះការ​លើកឡើងនេះ ហើយថា​មិនបាន ធ្វើកិច្ចសន្ទនា​ឯកជនណាមួយ​ជាមួយនឹង​អគ្គរដ្ឋទូត​រុស្ស៊ី លោក Sergei Kislyak នោះទេ ខណៈការិយាល័យ​ស៊ើបអង្កេត​សហព័ន្ធ FBI ត្រូវបាន​គេរាយការណ៍ថា​ នឹងបន្ត​ការត្រួតពិនិត្យ​កិច្ចសន្ទនា​រវាង​លោក Flynn និងលោក Kislyak ។

គួរបញ្ជាក់ថា​កាលពី​ខែមករា​កន្លងទៅ ទីភ្នាក់ងារ​សារព័ត៌មាន Reuters ផ្អែកលើ​ប្រភព​ដែលខ្លួន​បានទទួល បានឱ្យដឹងថា​ លោក Michael Flynn ធ្លាប់ធ្វើ​កិច្ចសន្ទនាតាមទូរស័ព្ទជាមួយ​លោក Sergei Kislyak ចំនួន០៥លើក​នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៦​ ជាថ្ងៃដែល លោក បារ៉ាក់ អូបាម៉ា បានបណ្ដេញ​មន្ត្រីទូតរុស្ស៊ី​ជាច្រើននាក់​ចេញពី​សហរដ្ឋអាមេរិក សម្រាប់ការលូកលាន់​ចូលក្នុងកិច្ចការ​បោះឆ្នោតប្រធានាធិបតី​អាមេរិក បើទោះជា​ទីក្រុងមូស្គូ បានបដិសេធជាច្រើនលើក​​ក៏ដោយ៕