(គូឡាឡាំពួរ)៖ ក្រុមហ៊ុនអាកាសចរណ៍តម្លៃទាបរបស់ប្រទេសម៉ាឡេស៊ី Air Asia បានប្រកាសថា ខ្លួននឹង​បើកជើងហោះហើរជាលើកដំបូង​ទៅកាន់ទីក្រុង ហូណូលូលូ នៃកោះហាវ៉ៃ សហរដ្ឋអាមេរិក​​ដែលស្ថិត​នៅ​កណ្តាលមហាសមុទ្រប៉ាស៊ីហ្វិក​ដ៏ល្បីល្បាញ​​នាពាក់កណ្តាល​ឆ្នាំ២០១៧។ នេះបើតាមការ​ចេញ​ផ្សាយនៅ​មុននេះ​បន្តិច ដោយ Channel News Asia នារសៀល​ថ្ងៃសុក្រ ទី១០ ខែកុម្ភៈ ឆ្នាំ២០១៧។

យន្តហោះធុនធំ​របស់ក្រុមហ៊ុន ដែលមានឈ្មោះ​សម្គាល់ Air Asia X នឹងហោះហើរ​ទៅកាន់​ទីក្រុងហូណូ​លូលូ បួនដងក្នុងមួយ​សប្តាហ៍ពីទីក្រុង​គូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី រួចឆ្ពោះទៅ​ទីក្រុងអូសាកា​​ប្រទេស​ជប៉ុន មុននឹងបន្តដំណើរ​ទៅកាន់ហូណូលូលូ។ ជើងហោះហើរ​ដំបូងទៅកាន់ កោះហាវ៉ៃ នឹងធ្វើឡើងនៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៧ ខាងមុខនេះ។ កោះហាវ៉ៃ​ជាឋានសួគ៌ទេសចរណ៍​ដ៏ល្បីល្បាញ​មួយ​របស់សហរដ្ឋ​អាមេរិក ដែលស្ថិតនៅ​កណ្តាលមហា​សាគរប៉ាស៊ីហ្វិក៕