(សេអ៊ូល)៖ វិធីសាស្រ្តងាក​ទៅរកការ​លើកទឹកចិត្ត នឹងមិនអាចជួយ​ឲ្យពិភពលោក​សម្រេចបាន​គោលដៅ​នៃការបញ្ចុះបញ្ចូល​ឲ្យកូរ៉េ​ខាងជើង ទម្លាក់អាវុធនុយក្លេអ៊ែរ​របស់ប្រទេស​មួយនេះចោល​បានឡើយ។ នេះបើតាម​សម្តីរបស់មន្រ្តី​ជំនាន់ខ្ពស់មួយរូប ដែល​បាន​រត់​ភៀស​​ខ្លួន​ចេញ​ពី​​របប​ដឹក​នាំ​ទីក្រុង​ព្យុងយ៉ាង​មកកាន់ប្រទេស​កូរ៉េខាងត្បូង ដែលត្រូវបាន​ដកស្រង់​ដោយទីភ្នាក់​ងារ​ព័ត៌មាន យុនហ៉ាប់ នៅមុននេះ​បន្តិចនារសៀល​ថ្ងៃសុក្រ ទី១០ ខែកុម្ភៈ ឆ្នាំ២០១៧។

លោក Thae Yong-ho អតីតមន្រ្តី​ការទូតកូរ៉េខាងជើង​ដែលបានភៀសខ្លួន​មកកាន់​កូរ៉េខាងត្បូង​កាលពី​ឆ្នាំ២០១៦ បានថ្លែង​ក្នុងវេទិកា​មួយ​នៅ​ទីក្រុង​សេអ៊ូល​ថា «ពួកយើងមិន​គួរយល់ឃើញ​ដូច្នេះឡើយ​ថា ការផ្តល់​ការលើកទឹកចិត្ត​ដល់ប្រទេសកូរ៉េ​ខាងជើង​នឹងជួយដោះស្រាយ​បញ្ហា​នុយក្លេអ៊ែរ​របស់​របបដឹក​នាំទីក្រុង​ព្យុងយ៉ាង»។ លោក Thae បានលើកឡើងថា​ទោះបី​ជាការ​លើក​ទឹក​ចិត្ត​ទាំង​​នោះ​​មាន​ភាព​​ទាក់​ទាញ​​ប៉ុណ្ណា​ក្តី ក៏កូរ៉េខាងជើង​នឹងមិនទទួល​យកនោះ​ឡើយ បើសិនជា​ទីក្រុង​ព្យុងយ៉ាង​សម្រេចថា​ពួកវាពុំផ្តល់ផល​ចំណេញ​ដល់ការរបបផ្តាច់ការ​នៃ​ប្រមុខ​ដឹកនាំកំពូល​ផុតលេខ​លោក គីម ជុងអ៊ុន នោះ។

អតីតមន្រ្តី​ជាន់ខ្ពស់​នៃប្រទេសកូរ៉េខាងជើង​រូបនេះ​បានអះអាង​ទៀតថា មេដឹកនាំ​កូរ៉េខាងជើង​នឹងមិនរាថយ​ឡើយ ទោះបីជា​សហរដ្ឋអាមេរិក​​និង​កូរ៉េខាងត្បូង​រៀបចំបើក​ការវាយប្រហារ​ដោយអាវុធនុយក្លេអ៊ែរ​ប្រឆាំងនឹង​ទីក្រុងព្យុងយ៉ាង​ក៏ដោយ ដោយលោក Thae បានថ្លែង​យ៉ាងដូច្នេះ​ថា «ប្រមុខដឹកនាំ​កំពូល​របស់កូរ៉េខាងជើង នឹងមិនដក​ខ្លួនពីការប្រឈមមុខ​ដាក់គ្នានោះ​ឡើយ ខណៈការវាយ​ប្រហារ​ដោយអាវុធ​នុយ​ក្លេ​អ៊ែរ​​ប្រឆាំង​កូរ៉េខាងជើង​នឹងនាំឲ្យកើតមាន​ឡើងនូវគ្រោះ​មហន្តរាយដ៏​ធំមហិមា ហើយ​នៅមុនពេលដែល​វាកើតឡើង យើងគួរតែរិះរក​វិធី​កម្ចាត់​​លោក គីម ជុងអ៊ុន»

គួរបញ្ជាក់ថា ការលើកឡើង​ខាងលើ​របស់លោក Thae ត្រូវបាន​ធ្វើឡើងស្របពេល​ដែលសមាជិក​សភា​អាមេរិក​ ព្រមទាំងអ្នក​ជំនាញមួយ​ចំនួន​បានអះអាងថា​ការវាយប្រហារ​ដោយអាវុធ​នុយក្លេអ៊ែរ និងការផ្លាស់ប្តូរ​របបដឹកនាំ​អាចស្ថិតនៅក្នុង​ជម្រើសទាំងប៉ុន្មាន ពាក់ព័ន្ធ​នឹងការទប់​ស្កាត់កម្មវិធី​នុយក្លេអ៊ែរ​របស់​កូរ៉េខាងជើង៕