(វ៉ាស៊ីនតោន)៖ ប្រធានាធិបតី​អាមេរិកលោក ដូណាល់ ត្រាំ បានថ្លែងបញ្ជាក់ប្រាប់​ប្រធានាធិបតីចិន​លោក ស៊ី ជីនពីន ដោយផ្ទាល់មាត់​ថា​ សេត​​វិមាន​អាមេរិកនឹង​​គោរព​តាម «គោលនយោបាយ​ចិនតែមួយ» ដែល​ការវិវឌ្ឍដ៏ថ្មីសន្លាង​នេះនឹងជួយកាត់​បន្ថយភាពតាន​តឹង​ រវាងមហាអំណាច​​ពិភព​លោក​​ទាំង​ពីរ​។ នេះបើតាម​ការចេញផ្សាយ​ដោយ​សារព័ត៌មាន CNN នៅមុននេះ​បន្តិចនាព្រឹក​ថ្ងៃសុក្រ ទី១០ ខែកុម្ភៈ​ ឆ្នាំ២០១៧។

នៅក្នុងកិច្ចសន្ទនាជាលើកដំបូង​បំផុត ជាមួយមេដឹកនាំ​ប្រទេសចិន​ចាប់តាំង​ពី​លោកបានស្បថ​ឡើងកាន់​តំណែង​ជាប្រធានាធិបតី​អាមេរិក​ថ្មី​មក​​លោក ដូណាល់ ត្រាំ បានបញ្ជាក់ឡើងវិញ​ថា​ រូបលោក​នឹងគោរពប្រតិបត្តិ​តាមក្បួន​ច្បាប់​ការទូត​ ដែលទីក្រុងប៉េកាំង​និងតៃប៉ិ​បានព្រមព្រៀងគ្នា​កាលពី​ឆ្នាំ​១៩៩២។ ជាការឆ្លើយ​តបទីក្រុងប៉េកាំង​ ក៏នឹងទទួលស្វាគមន៍​យ៉ាងពេញ​ទំហឹង​ចំពោះការសម្រេច​ចិត្តរបស់លោក ត្រាំ ក្នុងការ​គាំទ្រនយោបាយ​​ចិនតែមួយ ដែលតាំងពី​ដើមរៀងមក​គឺជាគោលការណ៍​ស្នូល​ នៅក្នុងការថែរក្សា​ទំនាក់ទំនង​រវាងចិន​ និងកោះតៃវ៉ាន់ ដែលរដ្ឋាភិបាលប៉េកាំង​​តែងតែចាត់​ទុក​ថា​​​ជាខេត្តមួយរបស់​ខ្លួនតែប៉ុណ្ណោះ។

ជាមួយគ្នានេះកិច្ចសន្ទនាតាមទូរស័ព្ទ​ខាងលើត្រូវបាន​ធ្វើឡើង​មួយថ្ងៃ​ បន្ទាប់ពី​ប្រធានាធិបតី​​អាមេរិកលោក ដូណាល់ ត្រាំ បានផ្ញើលិខិត​​ជូនពរ​​ជាផ្លូវការទៅ​កាន់​ប្រធានាធិបតី​ចិន​លោក ស៊ី ជីនពីង សម្រាប់ឱកាស​ឆ្នាំថ្មីប្រពៃណីចិន​​​ដែលទើបកន្លងផុត​ទៅថ្មីៗនេះ ហើយ​ក្នុងនោះ​មេដឹក​នាំ​ថ្មី​​របស់សហរដ្ឋអាមេរិក​រូបនេះ ក៏បានបញ្ជាក់​ពី​ការចង់បាន «ការអភិវឌ្ឍ​​ទំនាក់ទំនង​ប្រកប​ដោយផ្លែផ្កា» ដែលនឹងផ្តល់​ផល​ប្រយោជន៍​​ដល់​ប្រទេស​ទាំងពីរ​​ផងដែរ។

គួរបញ្ជាក់ថា កាលពីខែធ្នូ ឆ្នាំ២០១៦កន្លងទៅនេះលោក ដូណាល់ ត្រាំ ដែលកាលនោះ​នៅមាននាមត្រឹម​ជាប្រធានាធិបតី​ជាប់ឆ្នោត​អាមេរិក​ បានធ្វើឲ្យ​ប្រទេសចិនខឹង​សម្បារ​ជាខ្លាំង ដោយសារ​ការសន្ទនា​គ្នាតាមទូរស័ព្ទ​ជាមួយប្រធានាធិបតី​តៃវ៉ាន់លោក ត្សៃ អ៊ីងវិន ដែល​វា​​គឺ​ជា​​ការ​សន្ទនាគ្នា​លើកដំបូងបំផុត​រវាងប្រធានាធិបតី​ ឬមួយក៏ប្រធានាធិបតី​ជាប់ឆ្នោតអាមេរិក​ និងមេដឹកនាំ​កោះតៃវ៉ាន់​គិតចាប់តាំងពី​ទីក្រុង​វ៉ាស៊ីនតោន​និងទីក្រុងប៉េកាំង​ បានបង្កើតទំនាក់ទំនង​ការទូត​រវាងគ្នានិងគ្នាកាលពី​ឆ្នាំ១៩៧៩មក៕