(អវកាស)៖ មនុស្សបានបញ្ចប់បេសកកម្ម​នៅឋានព្រះច័ន្ទ​ជាលើកដំបូង​កាលពីឆ្នាំ១៩៧២ ហើយ​ចាប់ពី​ពេលនោះមក អវកាសយានិក​មិនដែលបានទៅ​បំពេញបេសកកម្ម​នៅទីណាផ្សេង ក្រៅពីស្ថានីយ៍​អវកាស​អន្តរជាតិ ISS នោះឡើយ។ ប៉ុន្តែនៅ​ឆ្នាំ២០២១ខាង​មុខនេះ គឺជា​ពេលសាកល្បង​នៃយានអវកាស Orion ដែលជា​អនាគតនៃ​យានដែលត្រូវហោះ​ទៅភពអង្គារ នៅអំឡុងទសវត្សរ៍​ឆ្នាំ២០៣០ នោះហើយ។ នេះ​បើ​តាមការ​ចេញផ្សាយរបស់​សារព័ត៌មាន​អង់គ្លេស Daily Mail នាព្រឹក​ថ្ងៃសុក្រ ទី១០ ខែកុម្ភៈ ឆ្នាំ២០១៧។

អង្គការ NASA របស់អាមេរិក​ដែលជាអ្នកដឹកនាំ​គំរោងនេះ បានចាប់ដៃគូ​ជាមួយទីភ្នាក់ងារ​អវកាសអឺរ៉ុប ESA ដើម្បីធ្វើការ​ហោះសាកល្បង​នៃយាន Orion ដែលនឹង​ដឹកនាំ​មនុស្ស ០៤នាក់ទៅ​ហោះហើរជុំវិញឋាន​ព្រះច័ន្ទនៅ​ឆ្នាំ២០២១ រួចនៅ​បន្តគោចរណ៍​ជុំវិញព្រះច័ន្ទ​មួយរយៈ ទើបបញ្ជូន​យាននោះមកកាន់​ភពផែនដី​វិញ។ ការធ្វើបែបនេះ គឺជាការសាកល្បង​សមត្ថភាពយាន Orion ដែលនឹងត្រូវ​ដឹកនាំមនុស្ស​ទៅកាន់​ភពព្រះអង្គារ​នៅអំឡុងឆ្នាំ២០៣០ ហើយវា​ជាព្រឹត្តិការណ៍​ដ៏ធំអស្ចារ្យ​ដែលមនុស្សភាគច្រើន​អន្ទះសារ​ចង់ឃើញមែនទែន​តែម្តង។

ទីភ្នាក់ងារ NASA បានឲ្យដឹងនៅ​សប្តាហ៍នេះថា ខ្លួននិង​ក្រុមហ៊ុន Airbus បានព្រមព្រៀង​កសាង​យានគំរូ ដើម្បីដឹកនាំ​មនុស្សទៅហោះជុំវិញ​ឋានព្រះច័ន្ទនៅ​ដើមឆ្នាំ២០២១នោះ​ហើយ។ យាននោះមានប្រព័ន្ធ​រុញច្រាន, ថាមពលអគ្គិសនី, ទឹក, និងប្រព័ន្ធគ្រប់គ្រងកម្តៅទាំង​ការរក្សាបាននូវ​អ៊ុកស៊ីសែន និងបរិយាកាស​សមរម្យ​បំផុតសម្រាប់​អវកាសយានិក​ទាំង០៤នាក់ ដែលគ្រោង​បាញ់បង្ហោះចេញ​ពីមជ្ឈមណ្ឌលអវកាស Kennedy របស់អង្គការ NASA ស្ថិតនៅក្នុងរដ្ឋផ្លូរីដា​ ភាគអាគ្នេយ៍​សហរដ្ឋអាមេរិក។

គួរបញ្ជាក់ថាឲ្យខ្លីថា គំរោងទៅបោះតប់នៅ​ភពព្រះអង្គារ គឺមហិច្ឆតា​ដ៏ធំរបស់អាមេរិកដែលគ្រោង​ចំណាយថវិកា​រាប់ពាន់​លានដុល្លារ និងប្រើប្រាស់ពេល​ជិតពីរទសវត្សរ៍​ដើម្បីសិក្សា ស្តីអំពីការ​ដាក់អាណានិគម​របស់​មនុស្សដំបូង​បង្អស់នៅក្រៅ​ភពផែនដី ដែលជាគំរោង​ស្តារឡើងវិញនូវ​ភពព្រះអង្គារ ដែលអាចអូស​បន្លាយ​ពេលរាប់រយ​រាប់ពាន់​ឆ្នាំឯណោះ របស់មហាអំណាចលេខ១នៃសកលលោក៕