(សេអ៊ូល)៖ ទីភ្នាក់ងារស៊ើបការណ៍​សំងាត់អាមេរិក និងកូរ៉េខាងត្បូង​បានរាយការណ៍​ថា កូរ៉េខាងជើង មាន​សមត្ថភាពផលិត​ក្បាលគ្រាប់​នុយក្លេអ៊ែរបាន​៦០គ្រាប់ ខណៈ​ប្រទេសកុម្មុយនីស្ដ​​ឯកោមួយនេះ ត្រូវបានគេ​ជឿជាក់ថា ​កំពុងចម្រាញ់​ដោយសំងាត់​នូវសារធាតុអ៊ុយរ៉ាញ៉ូម​​ក្នុងកំរិតមួយ​ដ៏ខ្ពស់​មិនធា្លប់​មានពី​មុនមក នៅក្រោម​របបដឹកនាំ​របស់គ្រួសារ​ត្រកូល គីម ជំនាន់ទីបី។ នេះបើតាម​សារព័ត៌មាន​កូរ៉េខាងត្បូង JoongAng Ilbo ដកស្រង់​ដោយ​សារព័ត៌មាន Sputnik​ នៅព្រឹកថ្ងៃសុក្រ ទី១០ ខែកុម្ភៈ​ ឆ្នាំ២០១៧។

យោងតាម JoongAng Ilbo កាលពីឆ្នាំ២០១៦ ក្រុមអ្នកជំនាញ​ជាច្រើន បានបង្ហាញថា​ទីក្រុងព្យុងយ៉ាង មានសារធាតុ​ភ្លុយតូញ៉ូម ៥៤គីឡូក្រាម និងអ៊ុយរ៉ាញ៉ូម ៧៥៨ គីឡូក្រាម ហើយដែល​នេះបើធៀបទៅ​នឹងការសន្និដ្ឋាន​មុនៗ កូរ៉េខាងជើង​មានសារធាតុ​ភ្លុយតូញ៉ូម ត្រឹមតែពី៤០​​ដល់៥០គីឡូក្រាម និងអ៊ុយរ៉ាញ៉ូម ៤០០គីឡូក្រាម​តែប៉ុណ្ណោះ។ ដោយឡែក បើតាម​ក្រុមអ្នកជំនាញ​យោធាអាមេរិក និងកូរ៉េខាងត្បូង ដើម្បីផលិត​ក្បាលគ្រាប់បែក​នុយក្លេអ៊ែរ ទាមទារឱ្យ​មានសារធាតុ​អ៊ុយរ៉ាញ៉ូម ពី១៦​ទៅ២០ គីឡូក្រាម និងភ្លុយតូញ៉ូម​ពី០៤ដល់០៦គីឡូក្រាម ពោលគឺសារធាតុ​ភ្លុយតូញ៉ូម​ប្រមាណ ០៦គីឡូក្រាមអាច​ផលិតបាន​គ្រាប់បែក​នុយក្លែអ៊ែរដ៏មានឥទ្ធិពល​ដូចគ្នា​នឹងគ្រាប់បែកបរមាណូ ដែល​សហរដ្ឋអាមេរិក​ទម្លាក់​លើទីក្រុង​ណាហ្គាសាគី ប្រទេសជប៉ុន នៅអំឡុងសង្រ្គាម​លោកលើកទី២។

គួររំលឹកថា​កាលពីឆ្នាំ២០១៦ សហរដ្ឋអាមេរិក​និងកូរ៉េខាងត្បូង​បានអះអាងថា កូរ៉េខាងជើង​បានបង្កើន​សកម្មភាព​ចំរាញ់សារធាតុ​អ៊ុយរ៉ាញ៉ូម នៅឯរោងចក្រ​នុយក្លេអ៊ែរ Yongbyon ស្ថិតនៅ​ក្នុងខេត្ត Pyongan ខាងជើង។ បន្ថែមពីលើនេះ​បើតាមទីភ្នាក់ងារ​សារព័ត៌មាន​យ៉ុនហាប់ ទីក្រុងព្យុងយ៉ាង ទំនងជា​បានប្រើប្រាស់​សារធាតុអ៊ុយរ៉ាញ៉ូម​នៅក្នុងការបាញ់​សាកល្បង​អាវុធនុយក្លេអ៊ែរ​ជាលើកទី៥ កាលពី​ខែកញ្ញា ឆ្នាំ២០១៦៕