(​វ៉ាស៊ីនតោន)៖ ​ភ្លាមៗបន្ទាប់ពី​ទទួល​ដំណឹងថា សាលាឧទ្ធរណ៍​សហព័ន្ធ​ក្នុងទីក្រុង​សាន់ហ្វ្រាន់ស៊ីស្កូ បានសម្រេចចិត្ត​ជាឯកច្ឆ័នទុកជាបានការដដែល នូវការផ្អាកបទបញ្ជាប្រឆាំងនឹង​ជនអន្តោប្រវេសន៍ ប្រធានាធិបតី​អាមេរិក​លោក ដូណាល់ ត្រាំ បានបញ្ចេញ​ប្រតិកម្ម​យ៉ាងខ្លំាង​នៅលើ Twitter​ ដោយ​លោក​បាន​សរសេរថា «ជួបគ្នានៅតុលាការសនិ្តសុខជាតិរបស់យើង​កំពុងប្រឈមមុខ​នឹងហានិភ័យ»។ នេះបើតាម​ការចេញផ្សាយ​ដោយ​សារព័ត៌មាន CNCB​ នៅព្រឹកថ្ងៃសុក្រ ទី១០ ខែកុម្ភៈ ឆ្នាំ២០១៧។

បណ្ដឹងឧទ្ធរណ៍​របស់រដ្ឋាភិបាល​ទីក្រុងវ៉ាស៊ីនតោន ត្រូវបានបដិសេធកាលពីថ្ងៃព្រហស្បតិ៍ (ម៉ោងនៅក្នុង​ទីក្រុងវ៉ាស៊ីនតោន) ដោយចៅក្រម​បីរូប​ដែលអះអាងថា​ការ សម្រេចចិត្ត​បែបនេះ​គឺដើម្បីការពារ​ផលប្រយោជន៍​ជាតិ។ ច្រៅក្រម​ទំាងបីរូប បានបញ្ជាក់​នៅក្នុងសេចក្ដី​សម្រេចរបស់​ខ្លួន​ដូច្នេះថា «រដ្ឋាភិបាល​អាមេរិក​មិនមាន​ភស្ដុតាង ជាក់លាក់​ណាមួយ​បញ្ជាក់បានថា​ ជនបរទេសមកពី​បណ្ដាប្រទេស​ដែលមានឈ្មោះ​នៅក្នុង​បទបញ្ជា បាននិង​កំពុងរៀបចំ​ការវាយប្រហារ​ភេរវកម្មនៅ​ក្នុងសហរដ្ឋអាមេរិក​នោះទេ។ បន្ថែមពីលើនេះ ជាជាង​ការបង្ហាញពី​ភស្ដុតាង​ក្នុងការពន្យល់​ពីភាពចាំបាច់​នៃការអនុវត្តន៍​បទបញ្ជា រដ្ឋាភិបាល​បានប្រកាន់​គោលជំហរ​ដែលយើងត្រូវតែ​មិនពិនិត្យឡើងវិញ​នូវសេចក្ដី​សម្រេច​របស់ពួកគេ។ ដូច្នេះយើងមិនយល់​ស្របនោះទេ ដូចបាន​ពន្យល់ខាងលើ»

គួរបញ្ជាក់ថា​បទបញ្ជារបស់លោក ដូណាល់ ត្រាំ បានហាមឃាត់​ជាបណ្ដោះអាសន្ន​ប្រជាជនមកពី​បណ្ដាប្រទេស​មូស្លីមចំនួន០៧ ចូលក្នុង​សហរដ្ឋអាមេរិក មានដូចជា អ៊ីរ៉ង់ អ៊ីរ៉ាក់ ស៊ីរី សូម៉ាលី យេមែន ស៊ូដង់ និងលីប៊ី។ ក៏ប៉ុន្តែបទបញ្ជានេះ​ត្រូវបានចៅក្រម​សហព័ន្ធ លោក James Robart បដិសេធ​កាលពីសប្ដាហ៍មុន រីឯលោក ត្រាំ ផ្ទាល់ចាត់ទុកថា​ការសម្រេចចិត្តនេះ​មានលក្ខណៈ «នយោបាយ»