(ម៉ូស្គូ)៖ ការបង្កើន​កម្លាំងទ័ព​របស់អង្គការ​ណាតូ (NATO) នៅបណ្តា​ប្រទេសតំបន់​បាល់ទិច ​ក៏ដូចជា​ប្រទេសប៉ូឡូញ​ និងអាល្លឺម៉ង់​បាននិង​កំពុងធ្វើ​​ឲ្យ​ឱកាស​នៃការកើត​មានឡើង​នៃហានិភ័យកាន់​តែខ្ពស់ឡើង និងបង្កជា​ការគំរាមកំហែង​យ៉ាងធ្ងន់ធ្ងរ​ចំពោះសន្តិសុខ​ជាតិ​របស់​ប្រទេសរុស្ស៊ី។ នេះបើ​តាមសម្តី​​របស់​អនុរដ្ឋមន្រ្តី​ការបរទេសរុស្ស៊ីលោក Aleksey Meshkov នៅពេល​កំពុងផ្តល់ទំនុកចិត្តថា​រដ្ឋាភិបាល​ទីក្រុងម៉ូស្គូ នឹង​មាន​សមត្ថភាព​គ្រប់គ្រាន់​ក្នុងការពារ​ប្រជាពលរដ្ឋ​របស់ខ្លួន ដែលដកស្រង់​ដោយ​សារព័ត៌មាន​រុស្ស៊ី Russia Today (RT) នៅព្រឹក​ថ្ងៃសុក្រ ទី១០ ខែកុម្ភៈ ឆ្នាំ២០១៧។

ថ្លែងនៅក្នុង​បទសម្ភាសន៍មួយ​ជាមួយសារព័ត៌មាន​រុស្ស៊ីលោក Aleksey Meshkov បាន​ឲ្យដឹងថា​ ការដាក់ពង្រាយ​កងទ័ពដ៏ច្រើនសម្បើម​​របស់​អង្គការ NATO ប្រាកដណាស់​ជាការគំរាមកំហែង​ដ៏ធ្ងន់ធ្ងរមួយ​សម្រាប់រុស្ស៊ី និងបានបន្ថែមថា​ ទីក្រុងម៉ូស្គូ​កំពុងតាម​ឃ្លាំមើល​យ៉ាងដិតដល់​​ទៅ​លើសកម្ម​ភាព​នានារបស់ NATO ប៉ុន្តែមិន​ដឹងច្បាស់ថា​ តើពេលណាទង្វើ​នេះ​នឹងបញ្ចប់នោះ​ឡើយ។

លោកអនុរដ្ឋមន្រ្តី​ការបរទេសរុស្ស៊ី​បានថ្លែង​ទៀតថា វិធីសាស្រ្ត​ដែលអង្គការ NATO បាននិង​កំពុង​ប្រើប្រាស់នៅក្បែរ​ព្រំដែន​ប្រទេសរុស្ស៊ី អនុញ្ញាតឲ្យពួកគេធ្វើការហ្វឹកហាត់​ដល់កងទ័ព​រាប់ពាន់នាក់ ដែលបន្ទាប់​មកអាចយកទៅប្រើ​ប្រាស់ក្នុង​ប្រតិបត្តិការ​ណាមួយបាន​ភ្លាមៗ។ ជាមួយគ្នានេះដែរ​លោក Meshkov បានព្រមាន​ថា «ជាក់ស្តែង​វិធីសាស្រ្ត​ទាំងនោះ​របស់ NATO អាចបង្កើន​ហានិភ័យ​កាន់តែ​ខ្លាំងនៃ​ការ​កើត​មាន​​ឡើង​​នូវ​ឧប្បត្តិហេតុ​ប៉ះទង្គិចគ្នា​ រវាងកម្លាំងសម្ព័ន្ធមិត្ត​និងកងកម្លាំងរុស្ស៊ីបាន​»

«នេះគឺជាលើក​ទីមួយហើយ​ដែលយើងឃើញ​វត្តមានកងទ័ពអាល្លឺម៉ង់​ ឈរជើង​​នៅ​តាម​ព្រំដែន​របស់យើង គិត​ចាប់​តាំង​ពី​​សង្រ្គាម​លោក​លើក​​ទី​ពីរ​​ត្រូវ​បាន​បញ្ចប់​​មក» នេះបើតាមសម្តី​របស់លោក Aleksey Meshkov ដែលបាន​លើកឡើង​ដោយសំដៅ​លើសេចក្តីប្រកាស​របស់​​ប្រទេស​លីទុយអានី ដែលថា​កងទ័ព​​អាល្លឺម៉ង់​ចំនួន​១៣០នាក់​ក្នុងចំណោម​៤៥០នាក់ រួមជាមួយ​និងរថក្រោះចំនួន​១០០គ្រឿង​ទៀតបានធ្វើដំណើរ​ទៅ​ដល់​ប្រទេស​​នោះ។ ប៉ុន្តែលោក Meshkov បានបញ្ជាក់ថា​រដ្ឋាភិបាលទីក្រុងម៉ូស្គូ​មានសមត្ថភាព​គ្រប់គ្រាន់​ក្នុងការ​ធានារ៉ាប់រង​សន្តិសុខរបស់​ប្រទេសរុស្ស៊ី ហើយក៏​បានត្រៀមលក្ខណៈ​ដើម្បីចូលតុពិភាក្សា​ជាមួយ NATO ផងដែរ ប៉ុន្តែបាន​គូសបញ្ជាក់វិញ​ថា «រាល់សកម្មភាព​របស់ពួកគេ​​នឹងត្រូវ​ឆ្លើយតប​ទៅវិញដោយចម្លើយវិជ្ជមាន​ ឬមួយក៏អវិជ្ជមាន»

គួរបញ្ជាក់ថាសហរដ្ឋអាមេរិក​បានបញ្ជូនកងទ័ព​ជាច្រើនពាន់នាក់ និងរថក្រោះ​ក៏ដូចជារថពាស​ដែករាប់រយគ្រឿងទៅកាន់ប្រទេស​នៅតំបន់​​បាល់តិច ប៉ូឡូញ និងតំបន់​ភាគត្បូង​និងជាពិសេសភាគខាងកើតនៃ​សហភាពអឺរ៉ុប ជាមួយការ​ដំឡើងសាច់ដុំ​យ៉ាងខ្លាំងក្លា​នៅប៉ុន្មានខែចុងក្រោយ​​នៃ​អាណត្តិ​ប្រធានាធិបតី​របស់​លោក បារ៉ាក់ អូបាម៉ា បន្ទាប់ពីលោក ដូណាល់ ត្រាំ បានប្រកាស​អំពីគំរោង​របស់លោកក្នុងការផ្សារ​ភ្ជាប់ក៏ដូចជាស្តារ​ទំនាក់​ទំនងរវាង​មហាអំណាចទាំងពីរ​ឡើងវិញ៕