(សេអ៊ូល)៖ ក្រុមមេធាវី​របស់ប្រធានាធិបតី​កូរ៉េខាងត្បូង​លោកស្រី ផាក គឺនហេ បានច្រានចោល​គំរោង​ក្នុងការសួរចម្លើយ​ទៅលើ​​រូប​លោកស្រី ដោយក្រុម​រដ្ឋអាជ្ញាពិសេស​ដែលកំពុងធ្វើការ​ស៊ើបអង្កេត​ជុំវិញ រឿងអាស្រូវ​នយោបាយ​ពុករលួយ​ដ៏ខ្មៅងងឹត​នៅក្នុង​ប្រទេស។ ​នេះបើតាម​ការចេញ​ផ្សាយដោយ​សារព័ត៌មាន Channel News Asia នៅមុននេះ​បន្តិច​នារសៀល​ថ្ងៃព្រហស្បតិ៍ ទី០៩ ខែកុម្ភៈ ឆ្នាំ២០១៧។

អ្នកនាំពាក្យ​របស់ការិយាល័យ​រដ្ឋអាជ្ញាពិសេសលោក Lee Kyu-Chul បានថ្លែងក្នុងសន្និសីទ​សារព័ត៌មាន​មួយថា ផែនការ​ខាងលើត្រូវ​បាន​រៀប​ចំ​​ឡើង​ដើម្បី​​ធ្វើ​ការ​សាក​សួរទៅ​លើលោកស្រី ផាក គឺនហេ ក្នុង​ថ្ងៃព្រហស្បតិ៍នេះ​នៅឯកន្លែង​សម្ងាត់មួយ។ ប៉ុន្តែការិយាល័យ​របស់​លោកស្រី ផាក បានផ្តល់​ដំណឹងមកកាន់​ក្រុមរដ្ឋអាជ្ញាពិសេស​ថា​ ពួកគេបានលុបចោល​ការព្រមព្រៀងគ្នា​ទាក់ទងនឹង​ការសួរចម្លើយ​នេះហើយ។

លោក Lee បានបន្ថែមថា «ទោះជាយ៉ាងណា​ពុំមានការផ្លាស់ប្តូរ​គោលជំហរ​ដែលថា​ ការសួរចម្លើយ​ទល់មុខគ្នា​លើលោកស្រី​ប្រធានាធិបតី​ពិតជា​ចាំបាច់នោះ​ឡើយ ក៏ប៉ុន្តែមិន​ទាន់ការសម្រេចចិត្ត​ជាពិសេស​ស្តីពីកាល​បរិច្ឆេទ​ នៃការសាកសួរ​នេះនៅឡើយ​ទេ​ចាប់ពីពេល​នេះតទៅ»

លោក Lee បានឲ្យ​ដឹងទៀតថា​ ក្រុមមេធាវី​របស់លោក​ស្រី ផាក គឺនហេ បានជូន​ដំណឹងដល់​ការិយាល័យរដ្ឋអាជ្ញាពិសេស​ពីការសម្រេចចិត្ត​​របស់​ពួក​គេ នៅក្រោយ​ពេលស្ថានីយ៍​ទូរទស្សន៍មួយ បានចេញផ្សាយ​នាថ្ងៃអង្គារសប្តាហ៍នេះ​ថា​ លោកស្រី ផាក នឹងត្រូវចូល​ខ្លួន​ឲ្យសាកសួរ​​ចម្លើយ​នៅថ្ងៃព្រហស្បតិ៍នេះ​ នៅការិយាល័យ​មួយ ស្ថិត​ក្នុងបរិវេណ​នៃវិមាន​ប្រធានាធិបតី Blue House ហើយ​លោក​ Lee មិនបាន​ដឹងច្បាស់​ឡើយថា​ហេតុអ្វីបាន​សេចក្តីរាយការណ៍​ព័ត៌មាននេះ បានបណ្តាល​ឲ្យមានការសម្រេចចិត្ត​លុបចោលការ​សួរចម្លើយបែបនេះ​ទៅវិញ។

គួរបញ្ជាក់ថា​លោកស្រី ផាក គឺនហេ ដែលត្រូវបាន​សភាបោះឆ្នោតទម្លាក់​ចេញពីតំណែង​កាលពីថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៦កន្លងទៅនេះ ដោយ​ជាប់​សង្ស័យថា​បានរួមគំនិតគ្នា​ជាមួយមិត្តភក្តិ​ដ៏ជិតស្និទ្ធ​ម្នាក់ឈ្មោះ Choi Soon-Sil ដាក់សម្ពាធ​បង្ខំឲ្យក្រុមហ៊ុនធំៗ​នៅកូរ៉េខាងត្បូង​​ធ្វើការបរិច្ចាគថវិកា​យ៉ាងច្រើនសន្ធឹក​សន្ធាប់​ទៅក្នុងមូលនិធិ​មួយចំនួន ដែលត្រូវ​បានបង្កើត​ឡើងដើម្បីគាំទ្រ​កិច្ចផ្តួចផ្តើម​គោលនយោបាយ​របស់លោកស្រី ប្រធានាធិបតី។ ក្រៅពីនេះ​លោកស្រី ផាក ដែលត្រូវ​បានព្យួរអំណាច​ជាបណ្តោះអាសន្ន​ ខណៈតុលាការ​ធម្មនុញ្ញកូរ៉េខាងត្បូង​ធ្វើការ​ពិចារ​ណា​លើសំណើ​ក្នុងការទម្លាក់លោកស្រី​ចេញពីតំណែង​តែម្តងនោះ ក៏បានជាប់ចោទ​ពីបទអនុញ្ញាត​ឲ្យស្ត្រី Choi ប្រើប្រាស់​ឥទ្ធិពលខុសច្បាស់​​ទៅលើកិច្ចផ្ទៃក្នុង​របស់រដ្ឋ​ផងដែរ៕