(សេអ៊ូល)៖ ពាណិជ្ជកម្មរវាង​សហរដ្ឋអាមេរិក និងកូរ៉េខាងជើង​បានធ្លាក់ចុះយ៉ាងគំហុកមកនៅកំរិត​ត្រឹមតែ ១០០,០០០ដុល្លារ​ប៉ុណ្ណោះ​កាលពី​ឆ្នាំ២០១៦ នៅក្នុងបរិបទទីក្រុងព្យុងយ៉ាង​កំពុងជាប់​ទណ្ឌកម្ម​ពីសំណាក់​ទីក្រុង​វ៉ាស៊ីនតោន និងសហគមន៍​អន្តរជាតិ ដោយសារតែ​កម្មវិធីមីស៊ីល និងអាវុធ​នុយក្លេអ៊ែរ។ នេះបើ​តាម​ការិយាល័យជំរឿន​អាមេរិក Census Bureau ដកស្រង់​ដោយទីភ្នាក់ងារ​សារព័ត៌មាន​យ៉ុនហាប់ នៅរសៀលថ្ងៃព្រហស្បតិ៍ ទី០៩ ខែកុម្ភៈ ឆ្នាំ២០១៧។

Census Bureau ផ្អែកលើ​ទិន្នន័យរបស់​ខ្លួនបានឱ្យដឹងថា ទំហំពាណិជ្ជកម្ម​ទ្វេភាគី​អាមេរិក​-កូរ៉េខាងជើង មានត្រឹមតែ ១៣៩,៣៣៤ដុល្លារកាលពីឆ្នាំ២០១៦ ឬស្មើនឹង ២.៩​ភាគរយនៃការ​ធ្វើពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំងពីរនៅក្នុងឆ្នាំ២០១៥។ ម្យ៉ាងវិញទៀតនេះក៏ជាលើកទី១​ផងដែរ ដែល​ទំហំពាណិជ្ជកម្ម​ទ្វេភាគី​នេះ​ធ្លាក់ចុះមកនៅត្រឹមតម្លៃ ១០០,០០០ដុល្លារ​គិតចាប់តាំងពី​ឆ្នាំ១៩៩២មក ដោយមិន​រាប់បញ្ជូល​ឆ្នាំ២០០៦ ជាពេល​ទីក្រុង​ព្យុងយ៉ាង សាកល្បង​អាវុធនុយក្លេអ៊ែរ ជាលើកដំបូង។

គួរបញ្ជាក់ថា​បន្ទាប់ពីកូរ៉េខាងជើងបាញ់សាកល្បង​អាវុធនុយក្លេអ៊ែរ​ចំនួនពីរលើក និងមីស៊ីល​ជាបន្តបន្ទាប់​កាលពី​ឆ្នាំ២០១៦ សហរដ្ឋអាមេរិកបានផ្អាក​រាល់ការធ្វើ​ពាណិជ្ជកម្ម ហើយក៏មិនបាន​នាំចូលអី្វ​ពីកូរ៉េខាងជើង​ទៀតនោះដែរ៕