(ម៉ូស្គូ)៖ នាវាចម្បាំង​ប្រឆាំងនឹង​នាវាមុជទឹក​ឈ្មោះ Severmorsk របស់កងទ័ព​ជើងទឹក​រុស្ស៊ី បានធ្វើ​ដំណើរ​ទៅដល់​ប្រទេសប៉ាគីស្ថាន​ហើយ ដើម្បីចូលរួម​ក្នុងការធ្វើ​សមយុទ្ធយោធា​ជើងទឹកលក្ខណៈអន្តរជាតិ Aman 2017 ដ៏ធំបំផុតមួយ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌​មានចិន ស៊ិនហួរ នៅមុននេះបន្តិច​នារសៀល​ថ្ងៃព្រហស្បតិ៍ ទី០៩ ខែកុម្ភៈ ឆ្នាំ២០១៧។

នាវាច្បាំង​ដ៏មានអនុភាព​ខាងលើ​ដែលចាកចេញ​មកពី​កំពង់ផែ​សាឡាឡាហ៍ (Salalah) ក្នុងប្រទេស​អូម៉ង់ (Oman) នឹងចូលរួមក្នុងការធ្វើ​សម​យុទ្ធ​យោធាជើងទឹក ដែលនឹងប្រព្រឹត្តទៅនាថ្ងៃសុក្រស្អែកនេះនៅក្នុង​ដែនទឹក​នៃតំបន់​សមុទ្រអារ៉ាប់ និងនៅមូលដ្ឋានទ័ពជើង​ទឹកប៉ាគី​ស្ថាន​ ​ដែលស្ថិតនៅកំពង់ផែទីក្រុងការ៉ាជី (Karachi)។

គួរបញ្ជាក់ថា សមយុទ្ធលក្ខណៈអន្តរជាតិនេះ នឹងមានការចូលរួម​ពីសំណាក់​កងទ័ពជើងទឹក​របស់បណ្តា​ប្រទេស​ចំនួន​០៨នៅលើ​​ពិភពលោក ហើយត្រូវ​បានធ្វើឡើង​ដើម្បីពង្រឹង​កិច្ចខិតខំ​ប្រឹងប្រែង​ក្នុងការប្រយុទ្ធ​ប្រឆាំង ក៏ដូចជា​កម្ចាត់សកម្មភាព​ចោរសមុទ្រ និងការពារ​ចក្រផ្លូវ​​ធ្វើ​ពាណិជ្ជកម្ម​អន្តរជាតិ។ នៅក្នុងអំឡុងនៃ​ការហ្វឹកហ្វឺន​នេះផងដែរ សហសេវិក​នៃនាវាចម្បាំង Severomorsk នឹងធ្វើការ​សហការ​ជាមួយ​ក្រុម​​ការងារ​មកពី​ប៉ាគីស្ថាន, ចិន, សហរដ្ឋអាមេរិក, ចក្រភពអង់គ្លេស, តួកគី, និងប្រទេសដទៃៗ​មួយចំនួន​ទៀត៕