(វ៉ាស៊ីនតោន)៖ ប្រទេសកាណាដា​ជំទាស់ដាច់ចំពោះ​គំនិត​របស់សហរដ្ឋអាមេរិក​ ដែលចង់បង្ខំ​ឲ្យមាន​ការបង់ពន្ធ​នាំចូល​តាមច្រក​ព្រំដែន ហើយ​នឹងចាត់វិធាន​ការឆ្លើយតប​ទៅវិញ​ជាក់ជាមិនខាន​ចំពោះទង្វើ​បែបនេះ ដែលនេះគឺជាការ​លើកឡើងរបស់​រដ្ឋមន្ត្រីការបរទេស​កាណាដា​ លោក​ស្រី Chrystia Freeland នៅថ្ងៃពុធ​សប្តាហ៍ (ម៉ោងនៅទីក្រុងវ៉ាស៊ីនតោន) នៅក្រោយ​ជំនួបលើកដំបូង​របស់លោកស្រី​ជាមួយ​និង​រដ្ឋមន្រ្តី​ការបរទេស​អាមេរិកលោក រិច ធីល្លឺសុន។ នេះបើតាមការ​ចេញផ្សាយដោយ​សារព័ត៌មាន Channel News Asia នៅមុននេះបន្តិចនារសៀលថ្ងៃ​ព្រហស្បតិ៍ ទី០៩ ខែកុម្ភៈ ឆ្នាំ២០១៧។

កិច្ចជំនួបពិភាក្សាខាងលើរវាង​រដ្ឋមន្រ្តីការបរទេស​នៃប្រទេសទាំងពីរ​បានលើកឡើង​អំពី​ កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​នៃតំបន់​អាមេរិក​ខាង​ជើង (NAFTA) ដែលប្រធានាធិបតី​អាមេរិកលោក ដូណាល់ ត្រាំ ចង់ធ្វើការចរចា​ឡើងវិញ​នោះ។ ថ្លែងទៅកាន់​ក្រុមអ្នក​សារព័ត៌មាន​នៅពេល​បន្តិច​ក្រោយមក លោកស្រី Chrystia Freeland បានឲ្យដឹងថា​រូបលោកស្រី​បានបញ្ជាក់​យ៉ាងច្បាស់​នៅក្នុងជំនួប​ពិភាក្សា​ជាមួយ​លោក Rex Tillerson ថាភាគីកាណាដា​នឹងជំទាស់ដាច់ខាត​ចំពោះ គំនិត​នៃការបង្ខំ​ឲ្យមានការបង់ពន្ធនាំ​ចូលតាម​ច្រកព្រំដែន​ទៅលើទំនិញ​របស់​ប្រទេស​កាណា នៅក្នុងកិច្ច​ពិភាក្សា​ស្តីពីកិច្ច​ព្រមព្រៀង NAFTA ដែលនឹង​ប្រព្រឹត្តទៅ​នាពេលឆាប់ៗ​ខាងមុខនេះ។

លោកស្រី Freeland បានគូសបញ្ជាក់ថា «បើសិនជា​គំនិតបែបនេះ​អាចនឹងលេច​ឡើង​ជារូបរាង​ពិតមែននោះ ប្រទេស​កាណាដា​ច្បាស់ជា​នឹង​រិះរក​ចំណាត់ការ​ដើម្បីធ្វើការឆ្លើយតបទៅវិញ​យ៉ាង​សាកសម» ប៉ុន្តែលោកស្រី​លើកឡើងថា​ រដ្ឋាភិបាលទីក្រុងអូតាវ៉ា មិនទាន់​បានដឹងថា​តើអ្វីនឹង​ជាគោល​ជំហរបើក​ទូលាយ​របស់​សហរដ្ឋអាមេរិក​ឡើយ។

ជាមួយគ្នានេះ លោក Luis Videgaray រដ្ឋមន្រ្តី​ការបរទេសនៃ​ប្រទេសម៉ិចស៊ីកូ ដែលជាប្រទេស​ហត្ថលេខី​មួយផងដែរ​នោះ​នៅ​ក្នុង​កិច្ច​ព្រម​ព្រៀង​​​ពាណិជ្ជ​កម្ម​​សេរី​​នៃតំបន់អាមេរិក​ខាង​ជើង ក៏បានពិភាក្សា​ជាមួយ​លោក Rex Tillerson នៅក្នុងជំនួប​ដាច់ដោយឡែក​មួយ​ផ្សេងទៀត​​ផង​ដែរ។ កាណាដា​និងម៉ិចស៊ិកូ តាំងពី​ដើមរៀងមក​បានធ្វើការ​បញ្ជូនផលិតផល​នាំចេញ​របស់ពួកគេ​យ៉ាងច្រើន​សន្ធឹកសន្ធាប់​មក​កាន់​ ​សហរដ្ឋ​អាមេរិក ហើយប្រទេសទាំងពីរ​នេះអាចប្រឈម​នឹងការរាំង​ស្ទះ​យ៉ាងធ្ងន់ធ្ងរដោយ​សារការ​ផ្លាស់ប្តូរ​ដ៏សំខាន់​​ណាមួយ​នៅក្នុងកិច្ចព្រមព្រៀង NAFTA ដែល​ប្រធានាធិបតី​អាមេរិក​លោក ដូណាល់ ត្រាំ បានហៅថាជា «គ្រោះមហន្តរាយ» ដ៏ធំមួយនោះ។

គួរបញ្ជាក់ថាលោក ដូណាល់ ត្រាំ បានអះអាងថា NAFTA ដែលត្រូវ​បានចុះហត្ថលេខា​កាលពី​ឆ្នាំ១៩៩៤ បានបង្កផល​ប៉ះពាល់ខ្លាំង​​ដល់​ប្រ​ជា​​ជន​​អា​មេ​រិក។ ដោយឡែក​កិច្ចព្រមព្រៀង​នេះត្រូវបានបង្កើតឡើង​សំដៅលើកលែង​ការបង់ពន្ធ​លើទំនិញនាំ​ចូលតាម​ច្រក​ព្រំដែន​ រវាង​ប្រទេស​​កាណាដា ម៉ិចស៊ីកូ និងសហរដ្ឋអាមេរិក៕