(​វ៉ាស៊ីនតោន)៖ រដ្ឋមន្ត្រីការ​បរទេសអាមេរិក លោក រិច ធីល្លឺសុន បាននិយាយថាលោកចង់​បង្កើត​យុទ្ធសាស្ត្រ​ថ្មី​មួយ​ក្នុងនោះរួមមានទាំងការ​ប្រើប្រាស់យន្ដការ​ការទូត និងកម្លាំងយោធា​ដើម្បី​ឆ្លើយតប​ទៅ​នឹងការ​គំរាមកំហែង ពីសំណាក់​កូរ៉េខាងជើង ដែលលោកផ្ទាល់បាន​ចាត់ទុកថា​ជា «ផ្កាយព្រះគ្រោះ» សម្រាប់​សន្តិសុខ​​នៅក្នុងតំបន់ និងអន្តរជាតិ។ នេះបើតាម​ការ​ចេញផ្សាយ​ដោយទីភ្នាក់ងារសារព័ត៌មាន​​យ៉ុនហាប់ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី០៩ ខែកុម្ភៈ ឆ្នាំ២០១៧។​

លោក រិច ធីល្លឺសុន បានធ្វើការ​កត់សម្គាល់បែបនេះ នៅក្នុងលិខិត​ឆ្លើយតប​មួយទៅនឹង​សំណួរ​របស់ព្រឹទ្ធ​សមាជិក លោក Ben Cardin នៅមុនពេល​លោកត្រូវ​បាន​ព្រឹទ្ធសភា​អាមេរិក​​ អនុម័តទទួលស្គាល់ជា​រដ្ឋមន្ត្រីការបរទេស​​អាមេរិក។ «កូរ៉េខាងជើង ជាការគំរាមកំហែងមួយដ៏ធំដល់សន្តិសុខនៅក្នុងតំបន់ និងអន្តរជាតិ ហើយបើសិន​វាជាការពិត​ខ្ញុំនឹងធ្វើការងារ យ៉ាងជិតស្និទ្ធ ជាមួយសហសេវិកអន្តរស្ថាប័នរបស់ខ្ញុំ ក្នុងការបង្កើតយុទ្ធសាស្ត្រថ្មី​ទប់ស្កាត់ការគំរាមកំហែង​ ពីសំណាក់ទីក្រុងព្យុងយ៉ាង​ទៅលើប្រទេស​ជិតខាង​និងសហគមន៍​អន្តរជាតិ»។ នេះបើតាមសម្តីរបស់លោក រិច ធីល្លឺសុន។  ​

លោក ធីល្លឺសុន បន្ថែមទៀតថា «គន្លឹះនៃយុទ្ធសាស្ត្រថ្មីនេះ​នោះគឺការធ្វើកិច្ចសហការ​យ៉ាង​ជិតស្និតជា​មួយកូរ៉េខាងត្បូង និង ជប៉ុន ព្រមទំាងស្វែងរក​ការគាំទ្រពី​ចិននិងរុស្ស៊ី​បើអាចធ្វើទៅបាន ដើម្បីដាក់សំពាធ​លើកូរ៉េខាងជើង។ ក៏ប៉ុន្តែទន្ទឹមគ្នានោះ​សហរដ្ឋអាមេរិក ក៏គួរតែរក្សា​ឬប្រើប្រាស់​ផងដែរ គ្រប់លទ្ធភាព ឬក៏មធ្យោបាយទំាងអស់​ក្នុងនោះរួមមានទំាង​កិច្ចចរចា​តាមផ្លូវទូត និងការប្រើប្រាស់​កម្លំាងយោធា​នៅជម្រើសចុងក្រោយ»

គួរបញ្ជាក់ថា​បើតាមលោក រិច ធីល្លឺសុន កូរ៉េខាងជើង​នឹងនៅតែបន្ត​អភិវឌ្ឍន៍ ឬបាញ់សាកល្បង​អាវុធនុយក្លេអ៊ែរ និងមីស៊ីល ដដែល ល្គឹកណាយុទ្ធសាស្ត្រថ្មី​នេះមិនត្រូវបាន អនុម័តទេនោះ៕